(កូឡុំបូ)៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃពុធនេះ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) គឺជាអ្នកទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ លទ្ធផលបានបង្ហាញថា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ទទួលបានការគាំទ្រចំនួន ១៣៤សំឡេង ខណៈគូប្រជែងធំរបស់លោកគឺ លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma) ដែលជាសមាជិកសភានៃគណបក្ស SLPP ទទួលបានការគាំទ្រ ៨២សំឡេង។ រីឯបេក្ខជនទី៣ គឺលោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ទទួលបានត្រឹម៣សំឡេងប៉ុណ្ណោះ។
*តើលោក វីគ្រីមេស៉ីងហ្កេ គឺជានរណា?
លោក វីគ្រីមេស៉ីងហ្កេ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីដល់ទៅ ៦លើក បានក្លាយជាប្រធានាធិបតីស្តីទីកាលពីសប្តាហ៍មុន ក្រោយលោក រ៉ាចាប៉ាក់សា រត់ភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសសិង្ហបុរី ហើយលាលែងពីតំណែងតាមការទាមទាររបស់ក្រុមបាតុករស្រីលង្ការាប់ម៉ឺននាក់ ដែលបានចេញតវ៉ាតាមដងផ្លូវ ប្រឆាំងការដឹកនាំរបស់លោក។ ក្រុមបាតុករបានចូលកាន់កាប់វិមានប្រធានាធិបតី ហើយពេលនោះដែរក្រុមបាតុករក៏បានដុតបំផ្លាញគេហដ្ឋានលោក វីគ្រីមេស៉ីងហ្កេ និងចូលលុកលុយការិយាល័យរបស់លោកផងដែរ។
មានវិជ្ជាជីវៈជាមេធាវីម្នាក់ លោក វីគ្រីមេស៉ីងហ្កេ កើតនៅឆ្នាំ១៩៤៩ មានដើមកំណើតចេញពីគ្រួសារអ្នកនយោបាយ និងអ្នកជំនួញដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេស ស្រីលង្កា។ លោក វីគ្រីមេស៉ីងហ្កេ ដែលគេស្គាល់ជាទូទៅនៅក្នុងប្រទេស ក្រោមរហ័ស្សនាម «កញ្ជ្រោង» បានឈានជើងចូលឆាកនយោបាយជាលើកដំបូងតាមរយៈ ការជាប់ឆ្នោតជាតំណាងរាស្ត្រនៅឆ្នាំ១៩៧៧ ហើយលោកបានឡើងតំណែងនៅក្នុងគណបក្សជាបន្តបន្ទាប់ នៅក្រោយលោក រ៉ាណាស៉ីងហ្កេ ប្រាម៉ាដាសា (Ranasinghe Pramadasa)។
លោក វីគ្រីមេស៉ីងហ្កេ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងពីឆ្នាំ១៩៩៣ ជាឆ្នាំដែលលោក ប្រាម៉ាដាសា ត្រូវបានគេធ្វើឃាត រហូតដល់ឆ្នាំ១៩៩៤។ នៅឆ្នាំ១៩៩៤ដដែល លោកបានក្លាយជាមេដឹកនាំគណបក្សរួបរួមជាតិ United National Party (UNP) បន្ទាប់ពីលោក ហ្កាមីនី ឌីសសាណាយ៉ាកេ (Gamini Dissanayake) ត្រូវបានធ្វើឃាតដោយសមាជិកក្រុមឧទ្ទាមខ្លាតាមិល។
លោក វីគ្រីមេស៉ីងហ្កេ គឺជាមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថាមានទេពកោសល្យខាងសេដ្ឋកិច្ច និងជាអ្នកកំណែងទម្រង់តាមបែបលោកខាងលិច ជាពិសេសនៅបន្ទាប់ពី លោកបាននាំប្រទេសស្រីលង្កាចេញពីវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០១។
ក៏ប៉ុន្តែ ជ័យជម្នះខាងលើរបស់លោក វីគ្រីមេស៉ីងហ្កេ ត្រូវគេមើលឃើញថា ទំនងជានឹងនាំទៅរក ការកើតមានបាតុកម្មជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសស្រីលង្កា ដ្បិតប្រជាជនភាគច្រើនមិនគាំទ្ររូបលោកឡើយ។ ក្រុមបាតុករស្រីលង្កា បានចាត់ទុកលោក វីគ្រីមេស៉ីងហ្កេ ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដែលពួកគេបន្ទោសថា គឺជាទទួលខុសត្រូវចំពោះ ការដែលធ្វើឱ្យប្រទេសដីកោះមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏សែនជ្រៅ៕