(ឡុងដ៍)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅតែបន្តទទួលបានការគាំទ្រនាំមុខគេ នៅក្នុងការបោះឆ្នោតជុំទីបួន ដើម្បីជ្រើសរើសអ្នកដែលនឹងត្រូវជំនួស លោក បូរីស ចនសុន (Boris Johnson) ជាប្រធានថ្មីរបស់បក្ស និងជានាយករដ្ឋមន្រ្តីថ្មី របស់ចក្រភពអង់គ្លេស ខណៈបេក្ខជនម្នាក់ទៀត ត្រូវបានជម្រុះចេញពីការប្រកួត។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ក្នុងការបោះឆ្នោតជុំទីបួននេះ លោក ស៊ូណាក់ ទទួលបានការគាំទ្រចំនួន១១៨សំឡេង ក្នុងចំណោមក្រុមសមាជិកសភារបស់ គណបក្សអភិរក្សនិយម។ ចំណែក រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ទទួលបាន ៩២សំឡេង ហើយរដ្ឋមន្រ្តីការបរទេស លោកស្រី លីស ត្រាស់ (Liz Truss) ទទួលបាន ៨៦សំឡេង។
រីឯអតីតរដ្ឋលេខាធិការទទួលបន្ទុក កិច្ចការសមភាពយែនឌ័រ លោកស្រី ខេមី បេដណុច (Kemi Badenoch) ដែលទទួលបានត្រឹម ៥៩សំឡេង ដែលជាចំនួនតិចជាងគេ គឺត្រូវបានជម្រុះចេញពីការប្រកួត។ នៅក្នុងថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សអភិរក្សនិយម នឹងបន្តបោះឆ្នោតជម្រុះបេក្ខជនម្នាក់ទៀត ដើម្បីឱ្យនៅសល់ត្រឹម២នាក់ចុងក្រោយ។
យោងតាមលទ្ធផលនៃការបោះឆ្នោតប៉ុន្មានជុំមកនេះ វាច្បាស់ណាស់ថា លោក ស៊ូណាក់ នឹងឆ្លងផុតដល់ដំណាក់កាល ២នាក់ចុងក្រោយ។ ដោយឡែក អ្វីដែលមិនប្រាកដនោះ គឺពុំដឹងថាតើលោកស្រី ម័រដាន់ ឬក៏លោកស្រី ត្រាស់ ដែលនឹងក្លាយជាគូប្រជែងចុងក្រោយរបស់លោក ខណៈអ្នកទាំងពីរ ទទួលបានសំឡេងគាំទ្រ កាន់តែប្រកៀកប្រកិតគ្នាខ្លាំង។
ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាអង់គ្លេសនឹងឈានដល់ពេលវិស្សមកាល ហើយអំលុងពេលនោះ បេក្ខជនទាំង២រូប នឹងត្រូវឆ្លងកាត់បោះឆ្នោតជុំចុងក្រោយ ដែលធ្វើឡើងក្នុងចំណោមសមាជិកប្រមាណជា ២០០,០០០នាក់ របស់គណបក្សអភិរក្សនិយមវិញម្តង មិនមែនក្នុងចំណោមសមាជិកសភារបស់បក្សទៀតឡើយ។
គួរបញ្ជាក់ថា អ្នកទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីក្លាយជាប្រធានបក្ស និងជានាយករដ្ឋមន្រ្តីជំនួស លោក ចនសុន ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន។ ការបោះឆ្នោតជុំចុងក្រោយនោះទៀតសោត នឹងមានន័យថា អង់គ្លេសអាចនឹងទទួលបាន នាយករដ្ឋមន្រ្តីដំបូងបំផុត ដែលមានដើមកំណើតអាស៉ី ឬមួយក៏នាយករដ្ឋមន្រ្តីជាស្រ្តី ជាលើកទី៣ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន៕