(កូឡុំបូ)៖ នៅថ្ងៃពុធនេះ ក្រុមសមាជិកសភាស្រីលង្កា បាននាំគ្នាចាប់ផ្តើមការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងចំណោមបេក្ខជនចំនួន៣នាក់ ក្រោមក្តីសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចអូសទាញ ប្រទេសដែនកោះនេះ ឱ្យចេញពីផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ប្រសិនបើជ័យជម្នះបានទៅលើ ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលប្រជាជនស្រីលង្កាជាច្រើននាក់មិនគាំទ្រ ព្រោះពួកគេចាត់ទុករូបលោក ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) នោះវាទំនងជានឹងនាំទៅរក សកម្មភាពតវ៉ាជាបន្តបន្ទាប់ទៀត ពីសំណាក់ក្រុមបាតុករ។
ដោយឡែក បេក្ខជនម្នាក់ទៀត ដែលមានលទ្ធភាពខ្ពស់ ក្នុងការក្លាយជាប្រធានាធិបតីថ្មី គឺសមាជិកសភានៃគណបក្ស SLPP លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma)។ ដ្បិតលោក អាឡាហាបពើរូម៉ា មិនសូវមានការជំទាស់ពីក្រុមបាតុករ និងបក្សប្រឆាំងក៏ដោយ រូបលោកមិនធ្លាប់មាន បទពិសោធន៍ផ្នែកអភិបាលកិច្ចកម្រិតខ្ពស់ឡើយ។
រីឯបេក្ខជនទី៣ គឺលោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ត្រូវគេមើលឃើញថា មិនមានឱកាសពិតប្រាកដ ក្នុងការទទួលបានជ័យជម្នះឡើយ ព្រោះគណបក្សលោក កាន់កាប់តែ៣អាសនៈប៉ុណ្ណោះ នៅក្នុងសភាដែលមានអាសនៈសរុបទាំងអស់ ២២៥អាសនៈ។ សម្រាប់លទ្ធផលនៃការបោះឆ្នោត គឺត្រូវគេរំពឹងថានឹងប្រកាស នៅថ្ងៃព្រហស្បតិ៍ស្អែក។
គួរបញ្ជាក់ថា វីគ្រីមេស៉ីងហ្កេ ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីដល់ទៅ៦លើក បានក្លាយជាប្រធានាធិបតីស្តីទី កាលពីសប្តាហ៍មុន ក្រោយលោក រ៉ាចាប៉ាក់សា រត់ភៀសខ្លួនទៅកាន់សិង្ហបុរី ហើយលាលែងពីតំណែង តាមការទាមទាររបស់ ក្រុមបាតុកររាប់ម៉ឺននាក់ ដែលបានចេញមកតវ៉ាតាមដងផ្លូវ ប្រឆាំងការដឹកនាំរបស់លោក និងព្រមទាំងបានចូលកាន់កាប់ វិមានប្រធានាធិបតីរបស់លោក ថែមទៀតផង។ ពេលនោះ ក្រុមបាតុករក៏បានដុតបំផ្លាញ គេហដ្ឋានលោក វីគ្រីមេស៉ីងហ្កេ និងចូលលុកលុយការិយាល័យរបស់លោក ផងដែរ៕