(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល តេងគូ អាប់ឌុល អាហ្ស៊ីស (Tengku Zafrul Tengku Abdul Aziz) បានប្រាប់សភាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា លទ្ធភាពដែលម៉ាឡេស៊ី អាចនឹងក្ស័យធនដូចប្រទេសស្រីលង្កាមានតិចតួចស្ដួចស្ដើងបំផុត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកតំណាងរាស្ត្រ លោក អះម៉ាត់ ម៉ាស្លាន់ (Ahmad Maslan) លោក តេងគូ ហ្សាហ្វ្រុល បានកត់សម្គាល់ថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មិនដែលបានរាយការណ៍ថាម៉ាឡេស៊ី កំពុងប្រឈមមុខនឹងបញ្ហាដែលអាចនឹងនាំឱ្យក្ស័យធនឡើយ ហើយមិនតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះក៏មានសុទិដ្ឋិនិយម ដែរថាសេដ្ឋកិច្ចម៉ាឡេស៊ីនឹងមានកំណើន។
លោក តេងគូ ហ្សាហ្វ្រុល បានគូសបញ្ជាក់ដូច្នេះថា «កាលពីចុងខែមេសា ឆ្នាំ២០២២នេះ IMF បានបង្ហាញទំនុកចិត្តថា កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់យើង នឹងកើនឡើងក្នុងអត្រា ៥.៧៥ភាគរយ...ហើយបើយើងប្រៀបធៀបសូចនាករសេដ្ឋកិច្ចរបស់យើងទៅនឹង ស្រីលង្កា នោះវាបង្ហាញយ៉ាងច្បាស់ថាសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំជាងពួកគេឆ្ងាយណាស់។ ដូច្នេះលទ្ធភាពដែលម៉ាឡេស៊ីអាចនឹងក្ស័យធនដូចស្រីលង្កា មានតិចតួចស្ដួចស្ដើងជាទីបំផុត»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល កើតមានឡើងនៅចំពេលមានការព្រួយបារម្ភជាច្រើនថាប្រទេសមួយ ចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងដូចជាប្រទេសឡាវ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលអាចនឹងធ្វើឱ្យពួកគេស្ថិតនៅក្នុងស្ថានភាពដូចស្រីលង្កា៕