(ប៉េកាំង)៖ យោធាចិន នៅថ្ងៃពុធនេះ បាននិយាយថាសហរដ្ឋអាមេរិក គឺជាអ្នកបង្កហានិភ័យសន្តិសុខនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ តាមរយៈការធ្វើ សកម្មភាពបង្ករឿងជាញឹកញាប់ បន្ទាប់ពីនាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រដ៏រសើបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
កងនាវាទី៧ របស់សហរដ្ឋអាមេរិក បានឱ្យដឹងថានាវាពិឃាដ យូ អេស អេស បេនហ្វូល (USS Benfold) បានដឹកនាំប្រតិបត្តិការជាទម្លាប់ធម្មតានៅឯ តំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយធ្វើដំណើរឆ្លងកាត់តំបន់ដែនទឹកអន្តរជាតិ ស្របទៅតាមច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួន ទីបញ្ជាការយោធាប្រចាំភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានចាត់ទុកថានេះជាទង្វើបង្ករឿង ហើយថាកងកម្លាំងរបស់ខ្លួនបាន តាមដាន និងព្រមាននាវាចម្បាំងអាមេរិក។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ការបង្ករឿងជាញឹកញាប់បានបង្ហាញថាសហរដ្ឋអាមេរិក គឺជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កហានិភ័យសន្តិសុខក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ទីបញ្ជាការយោធាភូមិភាគខាងកើតនឹងបន្តស្ថិតនៅក្នុងលក្ខណៈ ប្រុងជើងការខ្ពស់គ្រប់ពេលវេលា ហើយនឹងការពារជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដី»។
គួរបញ្ជាក់ថា នាវាពិឃាដអាមេរិក USS Benfold ក៏ធ្លាប់បានធ្វើដំណើរ និងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែនទឹកមានវិវាទនៅឯតំបន់សមុទ្រចិនខាងត្បូង ផងដែរ កាលពីសប្ដាហ៍មុន។ ជារឿយៗ វត្តមាននាវាចម្បាំងអាមេរិកនៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់ តែងតែធ្វើឱ្យចិនខឹងសម្បារដោយហៅវាថាជា សញ្ញាបង្ហាញការគាំទ្រដល់តៃវ៉ាន់ ដែលប៉េកាំងចាត់ទុកជាខេត្តមួយរបស់ខ្លួន៕