(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និង តែងតាំងក្រុមមន្ត្រីខុសច្បាប់ ឱ្យគ្រប់គ្រងតំបន់ដែលខ្លួនកំពុងកាន់កាប់ ខណៈបន្តស្វះស្វែងក្រសោបយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានឱ្យដឹងទៀតថារុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូល សញ្ជាតិរុស្ស៉ី។ លោក ឃឺប៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មាននៅថ្ងៃនេះ ក្នុងនោះរួមមានទាំងព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែក រំលែកជាមួយអ្នកទាំងអស់គ្នាថា រុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដែលនេះជាទង្វើបំពានអធិបតេយ្យរបស់ អ៊ុយក្រែនដោយផ្ទាល់»។
គួរបញ្ជាក់ថា បើតាមលោក ចន ឃឺប៊ី រុស្ស៉ីកំពុងប្រើយុទ្ធសាស្ត្រដូចគ្នាទៅនឹងការក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ដើម្បីកាត់យកទឹកដីអ៊ុយក្រែន នៅតាមតំបន់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រង៕