(ប្រ៊ុចសែល)៖ ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានព្យាករណ៍ថា នឹងមានបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខ ខណៈរដូវក្តៅនេះមានការកើនឡើងករណីឆ្លងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

WHO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កាលពីសប្តាហ៍មុន ករណីឆ្លងកូវីដ១៩ ថ្មីជិត០៣លានករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់អឺរ៉ុប ដែលស្មើនឹងជិតពាក់កណ្តាលនៃករណីថ្មីទាំងអស់នៅទូទាំងពិភពលោក។

នាយក WHO ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បាននិយាយថា ឥឡូវនេះវាច្បាស់ណាស់ថា យើងស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នាទៅនឹងរដូវក្តៅឆ្នាំមុន។ នៅពេលនេះរលកឆ្លងកូវីដ១៩ ត្រូវបានជំរុញបន្ថែម ដោយវីរុសបំប្លែងខ្លួនថ្មីដូចជា អូមីក្រុងត្រកូល BA.2 និង BA.5។ លក្ខណៈពិសេស នៃវីរុសនេះគឺវាឆ្លងពីមនុស្សម្នាក់ទីមនុស្សម្នាក់កាន់តែលឿន»។

លោកបានបន្ថែមថា នៅទ្វីបអឺរ៉ុបមានមនុស្សប្រមាណជិត ៣,០០០នាក់បានស្លាប់រៀងរាល់សប្តាហ៍ ដោយសារកូវីដ១៩ ខណៈការឆ្លងកំពុងកើនឡើងលឿនបំផុតក្នុងចំណោមក្រុមអាយុចាស់ដែលងាយរងគ្រោះបំផុត៕