(ហ្សាកាតា)៖ ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បាននិយាយកនៅថ្ងៃអង្គារនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ីថា លោកសង្ឃឹមថានឹងមានការជំរុញទំនាក់ទំនងពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ និងបិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍របស់ប្រជាជាតិលោក ដើម្បីចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
លោក Ramos-Horta បានជួបសមភាគីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសជិតខាងឥណ្ឌូនេស៊ី ចាប់តាំងពីលោកត្រូវបានបោះឆ្នោតជ្រើសរើសកាលពីខែមេសាសម្រាប់អាណត្តិទីពីរជាប្រធានាធិបតីទីម័រខាងកើត។
លោកបានថ្លែងយ៉ាងដូច្នេះថា «ជាផ្នែកមួយនៃអាស៊ីអាគ្នេយ៍ ប្រទេសទីម័រខាងកើតបានបំពេញនូវតម្រូវការជាច្រើនដែលចាំបាច់សម្រាប់ដំណើរការសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះ...នឹងក្លាយជាសមាជិកប្រកបដោយផលិតភាពរបស់អាស៊ាន» ដោយកត់សម្គាល់ថា លោកសង្ឃឹមថាប្រទេសវ័យក្មេងមួយនេះ នឹងអាច ចូល រួម ជាមួយ សមាគមនេះ បាន នៅ ពេល ដែលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ប្រទេសទីម័រខាងកើតបានដាក់ពាក្យចូលជាសមាជិកអាស៊ានកាលពីឆ្នាំ២០១១ មក ហើយបច្ចុប្បន្នមានឋានៈជាអ្នកសង្កេតការណ៍៕