(សេអ៊ូល)៖ ទីភ្នាក់ងារការពារជាតិរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះចម្បាំងដែលអភិវឌ្ឍឡើងនៅក្នុងស្រុកផ្ទាល់ ទើបតែទទួលជោគជ័យ ក្នុងការធ្វើតេស្តហោះហើរលើកដំបូង នាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

យន្តហោះចម្បាំងជំនាន់ថ្មីនោះ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ នៃក្រុមហ៊ុន Korea Aerospace Industries គឺត្រូវបានរចនាឡើង ដើម្បីជាជម្រើសមួយផ្សេងដែលធូរថ្លៃ ជាងយន្តហោះចម្បាំងផលិតដោយអាមេរិក F-35 ដែលកូរ៉េខាងត្បូង ពឹងផ្អែកខ្លាំងទៅលើ។ យន្តហោះចម្បាំងគំរូ ដែលមានឈ្មោះសម្គាល់ថា KF-21 ១គ្រឿង បានធ្វើការហោះហើរ រយៈពេលប្រហែលជា៣០នាទី ចេញពីមូលដ្ឋានទ័ពអាកាស នៅទីក្រុងសាឈន (Sacheon) នារសៀលថ្ងៃអង្គារនេះ។

យន្តហោះចម្បាំងខាងលើ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀត រហូតដល់ឆ្នាំ២០២៦ ដែលជាពេលការផលិតទ្រង់ទ្រាយធំ ត្រូវបានកំណត់ថា នឹងចាប់ផ្តើម។ កូរ៉េខាងត្បូងបានបង្ហាញ គំរូដំបូងបំផុតនៃ KF-21 កាលពីខែមេសា ឆ្នាំ២០២១ ដោយស្ងើចសរសើរ យន្តហោះចម្បាំងជំនាន់ថ្មីនោះថា ជាឆ្អឹងខ្នងនាពេលអនាគតនៃកងទ័ពអាកាសរបស់ខ្លួន និងជាការបោះជំហានឆ្ពោះទៅរក ឯករាជ្យភាពយោធាកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានព្រមព្រៀងជាមួយឥណ្ឌូណេស៉ី កាលពីឆ្នាំ២០១៤ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីនោះ នៅក្នុងគម្រោងមួយ ដែលមានតម្លៃ៨.១ទ្រីលានវ៉ុន (៦.១៦ពាន់លានដុល្លារ) ដោយទីក្រុងហ្សាការតា រ៉ាប់រងការចំណាយ ២០ភាគរយ៕