(ប៉េកាំង)៖ រដ្ឋាបាលចិន នៅថ្ងៃអង្គារនេះបានព្រមានថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៉ី (Nancy Pelosi) បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់នៅខែសីហា ដូចដែលកាសែត Financial Times បានចុះផ្សាយមែននោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាសែត Financial Times បានរាយការណ៍ថាលោកស្រី ផេឡូស៉ី និងក្រុម ប្រតិភូរបស់លោកស្រី ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរីផងដែរ មុននឹងលោកស្រី ត្រូវបន្តធ្វើដំណើរទៅកាន់រដ្ឋហាវ៉ៃ ដើម្បីចំណាយពេលស្នាក់នៅ នៅឯទីស្នាក់ការកណ្ដាលនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ការិយាល័យរបស់លោកស្រី ផេឡូស៉ី និងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Financial Times រីឯខាងក្រសួងការបរទេសតៃវ៉ាន់ក៏បានបញ្ជាក់ដែរ ថាខ្លួនមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះឡើយ។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី មកកាន់កោះតៃវ៉ាន់ អាចនឹងបំផ្លាញធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីចិន។ លោកបន្ថែមដូច្នេះថា «ប្រសិនបើ ដំណើរទស្សនកិច្ចនេះពិតជាកើតឡើងមែន នោះចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ហើយសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងឡាយដែលបង្កឡើងដោយទង្វើមួយនេះ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី មកកាន់កោះតៃវ៉ាន់ ត្រូវបានលើកពេលម្ដងរួចហើយកាលពីខែមេសាកន្លងទៅ ក្រោយលោកស្រីឆ្លងកូវីដ១៩ ហើយនៅពេលនោះ ចិនក៏បានព្រមានដូចគ្នានេះដែរថាដំណើរទស្សនកិច្ចរបស់លោកស្រី អាចនឹងបំផ្លាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន៕