(កូឡុំបូ)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីស្តីទីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe), សមាជិកសភាគណបក្ស SLPP លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma) ហើយនិងប្រធានគណបក្ស NPP លោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ត្រូវបានគាំទ្រឱ្យឈរឈ្មោះ សម្រាប់តំណែងប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
ក្នុងថ្ងៃដដែលនេះ ប្រធានបក្សប្រឆាំង លោក សាជីត ព្រេម៉ាដាសា (Sajith Premadasa) ដែលកន្លងមកធ្លាប់បង្ហាញពីចេតនាចង់ចូលរួម ការប្រកួតយកតំណែងប្រធានាធិបតីដែរនោះ បានប្រកាសថារូបលោកនឹងដកខ្លួន ហើយគណបក្ស SJB របស់លោក នឹងងាកទៅគាំទ្រ លោក អាឡាហាបពើរូម៉ា វិញ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) បានយល់ព្រមចុះចេញពីអំណាច កាលពីសប្តាហ៍មុន ក្រោយរត់ទៅក្រៅប្រទេស ចំពោះមុខការធ្វើបាតុកម្មយ៉ាងកក្រើក ប្រឆាំងនឹងការដឹកនាំរបស់លោក ខណៈប្រទេសដីកោះមួយនេះ បាននិងកំពុងជាប់ផុង ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។
បន្ទាប់ពីការចុះចេញពីអំណាចរបស់លោក រ៉ាចាប៉ាក់សា ប្រធានសភាស្រីលង្កាបានប្រកាសថា លោក វីគ្រីមេស៉ីងហ្កេ ដែលពេលនោះនៅជានាយករដ្ឋមន្រ្តី ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីជាផ្លូវការ។ តាមពិតទៅ ក្រុមបាតុករក៏មិនពេញចិត្តនឹងលោក វីគ្រីមេស៉ីងហ្កេ ខ្លាំងដែរ ហើយបានទាមទារឱ្យលោកចុះចេញពីតំណែង។ យ៉ាងណាក៏ដោយ នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមសមាជិកសភាស្រីលង្កា នឹងបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី ក្នុងចំណោមបេក្ខជនទាំង៣រូបខាងលើ៕