(ប៉េកាំង)៖ នៅឆមាសទីពីរឆ្នាំនេះ កិច្ចសន្ទនាជាច្រើនលើករវាងបណ្ដាប្រទេសអាស៊ីនានានឹងបើកធ្វើ ដូចជា កិច្ចប្រជុំកំពូលនៃប្រទេស G20 ដែលនឹងបើកធ្វើនៅឥណ្ឌូណេស៊ីនិងកិច្ចប្រជុំអង្គការ APEC ដែលនឹងបើកធ្វើនៅប្រទេសថៃ នៅខែវិចិ្ឆកាខាងមុខនេះជាដើម។ សកម្មភាពការទូតទាំងនេះនឹងជះឥទ្ធិពលដ៏សំខាន់ ចំពោះតំបន់រហូតដល់ទូទាំងពិភពលោក ហើយភាគីចិនក៏នឹងដើរតួនាទីវិជ្ជមានផងដែរ។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថាអំពីគោលនយោបាយរបស់ចិន នៅលេខាធិការដ្ឋានអាស៊ានថា រដ្ឋមន្ត្រីការបរទេសចិននិងប្រទេស តាមបណ្តោយទន្លេឡានឆាង-មេគង្គចំនួន៥ បានឯកភាពគ្នាថា នឹងកសាងខ្សែក្រវាត់សេដ្ឋកិច្ច តាមបណ្តោយទន្លេឡានឆាង-មេគង្គ ដែលមានភាពកាន់តែរឹងមាំ ពិភាក្សាជាមួយប្រទេសឡាវ និងថៃអំពីការតភ្ជាប់ផ្លូវដែករវាងចិន ឡាវនិងថៃ ដើម្បីតភ្ជាប់ច្រកពាណិជ្ជកម្មថ្មី ផ្លូវគោកនិងសមុទ្រនិងរហូតទៅដល់តំបន់ក្នុងរបស់អឺរ៉ុប ព្រមទាំងពិភាក្សាជាមួយឥណ្ឌូណេស៊ី អំពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងចិន និងឥណ្ឌូណេស៊ីមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនិងឈានដល់គំនិតឯកភាពដ៏សំខាន់។
ក្នុងមួយឆ្នាំកន្លងទៅនេះ ប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គចំនួន ៦ពួតដៃ គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការតភ្ជាប់ប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងពេញទំហឹង ក៏ដូចជារួមគ្នាកសាងគម្រោង អំពីជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ លើសពី២រយលានដូស ដល់ប្រទេសតាមបណ្តោយមេគង្គ និងចងសម្ព័ន្ធជាខេត្តនិងទីក្រុងមេត្រីភាពជិត១៥០គូជាមួយប្រទេសទាំង៥។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣សែន ៩ម៉ឺន ៨ពាន់លានដុល្លារអាមេរិក ដែលកើនឡើង២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២០។
កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាបានដំណើរការយ៉ាងផុលផុស ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចនៃប្រទេសទាំង៦ ឡើងវិញនិងធ្វើឱ្យមានវិបុលភាពឡើងវិញក្នុងតំបន់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អង្គការណាតូដែលដឹកនាំ ដោយសហរដ្ឋអាមេរិកបានលើកឡើងនូវ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» ក្នុងគោលបំណង ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន។ ប៉ុន្តែប្រឈមមុខនឹង «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់អង្គការណាតូ ប្រទេសអាស៊ីមានប្រតិកម្ម និងគោលជំហរមិនដូចគ្នាទេ ប្រទេសអាស៊ីភាគច្រើនគឺរំពឹងទុកថា នឹងមានពិភពលោកពហុប៉ូលមួយ។
ប្រទេសចិនមិនស្ថិតក្នុងសម្ព័ន្ធយោធាណាមួយនោះទេ តែគឺជាចំណែកមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ចិនចាត់ទុកប្រទេសអាស៊ីផ្សេងទៀតជាដៃគូ ព្រមទាំងរួមរស់នៅជាមួយប្រទេសអាស៊ីផ្សេងទៀតដោយស្មើគ្នា ហើយជំនួយចំពោះបរទេសនិងជំនួយផ្នែកអភិវឌ្ឍន៍ ក៏គ្មានអមលក្ខខណ្ឌនយោបាយណាមួយទេ។
នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងកិច្ចសន្ទនាជាន់ខ្ពស់អំពីអភិវឌ្ឍន៍សកល មេដឹកនាំរបស់ប្រទេសជាច្រើន ដែលបានចូលរួមកិច្ចសន្ទនាបានថ្លែងថា គំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍន៍សកល ដែលលើកឡើងដោយភាគីចិន សមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសពាក់ព័ន្ធ ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍន៍សកល។
លោកប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការកម្ពុជា បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរ ជាមួយអ្នកសារព័ត៌មានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗកន្លងទៅនេះថា គំនិតផ្តួចផ្តើមស្តីពីអភិវឌ្ឍន៍សកលជា «ផលិតផលសាធារណៈ» ដែលចិនបានផ្តល់ដល់ពិភពលោក វាមានអំណោយផលដល់ការបង្កើនកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិ ក៏ដូចជាពន្លឿនការអនុវត្តជាក់ស្តែង នូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០២០នៃអង្គការសហប្រជាជាតិ។
ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកកំពុងស្ថិតក្នុង ភាពបម្រែបម្រួលយ៉ាងខ្លាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធា្លប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក បាននាំមកនូវបញ្ហាប្រឈមដ៏តឹងរ៉ឹង ចំពោះសេដ្ឋកិច្ចពិភពលោកនិងការអភិវឌ្ឍសកល។
បណ្ដាប្រទេសអាស៊ីនានា រហូតដល់ទូទាំងពិភពលោកសុទ្ធតែត្រូវពួតដៃគ្នា ក្តាប់ជាប់និន្នាការទូទៅនៃអភិវឌ្ឍន៍សកល រួមគ្នាគាំពារសន្តិភាពនិងសុខសាន្តត្រានពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងសុខាភិបាលសាធារណៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទូទាំងពិភពលោក រួមគ្នាជំរុញអភិបាលកិច្ចអាកាសធាតុសកល ក៏ដូចជារួមគ្នាជំរុញសេដ្ឋកិច្ចសកល ឱ្យងើបឡើងវិញប្រកបដោយតុល្យភាព។
ប្រទេសអាស៊ីក៏នឹងបញ្ជាក់ចំពោះទូទាំងពិភពលោកថា ពួកយើងមាន «ប្រាជ្ញានិងផែនការក្នុងការដោះស្រាយ បញ្ហាអភិវឌ្ឍន៍និងសន្តិសុខរបស់ខ្លួន»៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន