(ឡុងដ៍)៖ រលកកម្ដៅ បាន និងកំពុងវាយប្រហារលើបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបខាងលិចនៅថ្ងៃអង្គារនេះ ខណៈសីតុណ្ហភាពក្នុងចក្រភពអង់គ្លេសត្រូវបាន គេព្យាករថានឹងឡើងក្ដៅបំបែកកំណត់ត្រាមិនធ្លាប់មានពីមុនមក នៅចំពោះមុខភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅតាមប្រទេសអឺរ៉ុបមួយចំនួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមក្រុមអ្នកជំនាញឧតុនិយម សីតុណ្ហភាពក្នុងចក្រភពអង់គ្លេសដែលបច្ចុប្បន្នស្ថិតនៅកម្រិត ៣៨.៧អង្សាសេ និងដែលធ្លាប់ត្រូវកត់ចូលក្នុងបញ្ជីកាលពីឆ្នាំ២០១៩ អាចនឹងឡើងដល់៤០អង្សាសេ ដែលជាកម្រិតសីតុណ្ហភាពក្ដៅមិនធ្លាប់មានពីមុនមក។ ដោយឡែក សីតុណ្ហភាពនៅតាមប្រទេសក្នុងតំបន់អឺរ៉ុបខាងលិច ដូចជាបារាំង ក៏បានហក់ឡើងខ្ពស់ដល់ចន្លោះពី ៣៧ ដល់៤០អង្សាសេផងដែរទៅតាមតំបន់នីមួយៗ ខណៈភ្លើងឆេះព្រៃកំពុងឆាបឆេះក្នុងប្រទេសបារាំង ក្រិក ព័រទុយហ្កាល់ ព្រមទាំងអេស្ប៉ាញ ដោយបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដីរាប់ពាន់ហិតា និងអាចបង្កឱ្យកាន់អាកាសធាតុកាន់តែក្ដៅ។

គួរបញ្ជាក់ថា អាកាសធាតុឡើងក្ដៅនៅក្នុងតំបន់អឺរ៉ុប ត្រូវបានក្រុមអ្នកជំនាញជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងការការប្រែប្រួលអាកាសធាតុ ហើយពួកគេក៏បានព្យាករ ដែរថាអាកាសធាតុក្ដៅអាចនឹងកើតឡើងញឹកញាប់នៅពេលអនាគត៕