(តូក្យូ)៖ អ្នកជំនាញផ្នែកសនិ្តសុខចំនួន៨នាក់ ដែលបានពិនិត្យឡើងវិញនូវវីដេអូបង្ហាញពីសកម្មភាពធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ិនហ្សូ បាននិយាយថា កងអង្គរក្សមានលទ្ធភាព និងអាចជួយសង្រ្គោះលោក អាបេបាន ប្រសិនបើពួកគេការពារ ឬផ្ដួលរូបលោកទៅលើដីក្នុងពេល ២.៥វិនាទី ចន្លោះ រវាងការបាញ់ខុសលើកទី១ និងការបាញ់លើកទី២ របស់ឃាតកដែលត្រូវចំលោក អាបេ ហើយបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

បើតាមក្រុមអ្នកជំនាញជប៉ុន និងអន្តរជាតិខាងលើដដែល បរាជ័យក្នុងការពារសន្តិសុខលោក អាបេ ពីការបាញ់ប្រហារលើកទី២ គឺជាចន្លោះប្រហោងសន្តិសុខ ដែលនាំឱ្យមានការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះកាលពីថ្ងៃទី៨ ខែកក្កដា។ ការធ្វើឃាតលោក អាបេ ក្នុងទីក្រុងណារ៉ា (Nara) ដោយបុរសម្នាក់ដែល ប្រើកាំភ្លើងកែច្នៃ បានបង្កឱ្យភាពភ្ញាក់ផ្អើលនៅទូទាំងប្រទេសជប៉ុន ជាទីដែលអំពើហិង្សាដោយកាំភ្លើងជារឿងកម្របំផុត ហើយអាជ្ញាធរជប៉ុនក្នុងនោះរួមមានទាំង នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) បានទទួលស្គាល់ពីចន្លោះប្រហោងការពារសន្តិសុខ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតលើ បញ្ហានេះ។

លើសពីនេះទៅទៀត បន្ថែមពីលើក្រុមអ្នកជំនាញសន្តិសុខ Reuters បានសម្ភាសន៍ជាមួយសាក្សីចំនួន៦នាក់ដែលស្ថិតនៅកន្លែងកើតហេតុ និងពិនិត្យវីដេអូពី គ្រប់ជ្រុង ដោយបង្ហាញពីការធ្វេសប្រហែសក្នុងការរៀបចំសន្តិសុខ តាំងពីមុនពេលការបាញ់ប្រហារកើតឡើង។ ពោលគឺ នៅពេលដែលលោក អាបេ កំពុងថ្លែង សុន្ទរកថានៅលើដងផ្លូវ ក្រុមអង្គរក្សរបស់លោកបែរជាបណ្ដោយឱ្យជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះយ៉ាម៉ាហ្កាមិ តេស៊ូយ៉ា (Yamagami Tetsuya) មានអាយុ ៤១ឆ្នាំ អាចដើរចូលទៅក្បែរនៅចម្ងាយប៉ុន្មានម៉ែត្រពីខាងក្រោយខ្នងលោក អាបេ ទាំងមានអាវុធនៅក្នុងដៃដោយងាយស្រួលទៅវិញ។

លោក ខេនណែត បុមបេស (Kenneth Bombace) ជាប្រធានក្រុមហ៊ុន Global Threat Solutions ដែលផ្ដល់សន្តិសុខការពារលោក ចូ បៃដិន នៅពេលរូបលោក នៅជាបេក្ខជនប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (កងអង្គរក្ស) គួរតែមើលឃើញខ្មាន់កាំភ្លើងយ៉ាងច្បាស់ថាកំពុងដើរសំដៅទៅក្រោយខ្នងលោក អាបេ ហើយពួកគេគួរតែធ្វើអន្តរាគមន៍ភ្លាមៗ នៅពេលនោះ»

ដោយឡែក កាសែតជប៉ុន យ៉ូមីអ៊ូរិ (Yomiuri) ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមអ្នកស៊ើបអង្កេត បានឱ្យដឹងថាជនសង្ស័យជាខ្មាន់កាំភ្លើង យ៉ាម៉ាហ្កាមិ បានចូលទៅក្បែរនៅចម្ងាយប្រហែល ៧ម៉ែត្រពីលោក អាបេ មុននឹងរូបគេបាញ់ប្រហារលើកដំបូង ហើយក្រោយមកទើបឃាតករូបនេះបាញ់ប្រហារលើកទី២ ត្រូវចំ លោក អាបេ ដោយចូលទៅកាន់តែកៀកក្នុងចម្ងាយ ៥ម៉ែត្រប៉ុណ្ណោះ ខណៈចន្លោះពេលបាញ់ប្រហារនេះទៀតសោតមានរយៈពេលប្រហែលជា ២.៥វិនាទី ពីការបាញ់ខុសលើកទី១។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដាកន្លងទៅនេះ អន្តរជាតិមានការភ្ញាក់ផ្អើល និងក្តីក្រៀមក្រំជាខ្លាំង នៅពេលដែលលោក អាបេ ស៉ិនហ្សូ ត្រូវបានជនសង្ស័យ ជាឃាតកធ្វើសកម្មភាពបាញ់សម្លាប់ កំលុងការថ្លែងសុន្ទរកថាមួយរបស់លោក ដើម្បីគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅឯទីក្រុង ណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន។ ខ្មាន់កាំភ្លើងដែលមានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ូយ៉ា (Yamagami Tetsuya) ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុផ្ទាល់ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។

ប្រភពពីប៉ូលិសជប៉ុន បានឱ្យដឹងថាម្តាយរបស់ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo) គឺត្រូវគេជឿថា ធ្លាប់បរិច្ចាគលុយប្រហែល១០០លានយេន ឬស្មើនឹង ៧២០,០០០ដុល្លារ ទៅកាន់ក្រុមសាសនាមួយ។

ការស៉ើបអង្កេតរបស់អាជ្ញាធរជប៉ុន ជុំវិញករណីឃាតកម្មលើ លោក អាបេ បានជំរុញឱ្យប្រធានក្រុមសាសនាឈ្មោះថា Unification Church ប្រចាំនៅប្រទេសជប៉ុន ចេញមុខមកបញ្ជាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ម្តាយរបស់ជនសង្ស័យក្នុងករណីឃាតកម្មនោះ គឺធ្លាប់ជាសមាជិករបស់ខ្លួន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុន ដែលផ្អែកលើប្រភពពីក្រុមអ្នកស៉ើបអង្កេត ជនសង្ស័យ យ៉ាម៉ាហ្កាមិ ជឿថា លោក អាបេ បានជួយឃោសនាផ្សព្វផ្សាយ អំពីក្រុមសាសនាមួយ ដែលម្តាយរបស់ខ្លួនធ្លាប់បានបរិច្ចាគលុយ អស់ជាច្រើនទៅឱ្យ រហូតទាល់តែខ្លួនឯងត្រូវក្ស័យធន៕