(វ៉ាស៉ីនតោន)៖ ប្រធានសភាអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នាខែក្រោយនេះ ដើម្បីបង្ហាញការគាំទ្រចំពោះទីក្រុងតៃប៉ិ ខណៈវាជាដំណើរទស្សនកិច្ចលើកដំបូងបំផុត ដែលធ្វើឡើងដោយ ប្រធានសភាអាមេរិក ទៅកាន់ទឹកដីនៃកោះនេះ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
មន្រ្តីអាមេរិក៦រូបដែលដឹងអំពីផែនការនៃដំណើរទស្សនកិច្ចនេះ បាននិយាយថា លោកស្រី ផេឡូស៉ី នឹងដឹកនាំគណប្រតិភូទៅកាន់កោះតៃវ៉ាន់ នៅខែសីហា ដោយកន្លងទៅសមាជិសភាអាមេរិក វ័យ៨២ឆ្នាំរូបនេះ ធ្លាប់បានលុបចោលដំណើរទស្សនកិច្ចម្តងរួមមកហើយ កាលពីខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានលោកស្រីឆ្លងកូវីដ ១៩។
លោកស្រី ផេឡូស៉ី នឹងក្លាយជាសមាជិកសភាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលទៅទស្សនកិច្ចកោះតៃវ៉ាន់ គិតចាប់តាំងពីលោគ ញូត ជីងរីជ (Newt Gingrich) បានទៅកាន់ទីនោះ ក្នុងនាមជាប្រធានសភាអាមេរិក កាលពីឆ្នាំ ១៩៩៧។ ដំណើរទស្សនកិច្ចរបស់លោកស្រី នឹងកើតមានឡើង ចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តជាប់គាំង ក្នុងស្ថានភាពអាក្រក់បំផុត ហើយស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងត្រៀមរៀបចំកិច្ចប្រជុំតាមអនឡាញ នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ធ្លាប់បាននិយាយថា ដំណើរទស្សនកិច្ចរបស់ លោកស្រី ផេឡូស៉ី ទៅកាន់កោះតៃវ៉ាន់ នឹងក្លាយជា «ការបង្កហេតុដ៏អាក្រក់»។ ទន្ទឹមគ្នានេះ សេតវិមានផ្ទាល់ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះពេលវេលានៃដំណើរទស្សនកិច្ចនេះ ដ្បិតវានឹងត្រូវចំខែដូចគ្នា ជាមួយនឹងគម្រប់ខួប នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន៕