(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសឱ្យដឹងថា សហរដ្ឋអាមេរិក ទើបតែទទួលបានជោគជ័យ ក្នុងការធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេង (ហៃភើសូនិច) ប្រភេទ HAWC របស់ក្រុមហ៊ុន រេធីអន (Raytheon) ខណៈវាគឹជាការសាកល្បងជោគជ័យជាលើកទី៣ហើយ សម្រាប់អាវុធហៃភើសូនិចប្រភេទនោះ គិតចាប់តាំងពីឆ្នាំ២០១៣មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

កម្មវិធីអភិវឌ្ឍអាវុធហៃភើសូនិច HAWC ស្ថិតក្រោមការដឹកនាំ នៃទីភ្នាក់ងារស្រាវជ្រាវគម្រោងសព្វាវុធទំនើបៗ DARPA របស់មន្ទីរបញ្ចោកោណ ហើយក្រុម Raytheon និងក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) កំពុងប្រកួតប្រជែងគ្នា សម្រាប់រង្វាន់កិច្ចសន្យាចុងក្រោយ។

គិតចាប់តាំងពីកម្មវិធីអភិវឌ្ឍ HAWC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ មកទល់នឹងបច្ចុប្បន្ន មានការធ្វើតេស្តហោះហើរ អាវុធហៃភើសូនិចប្រភេទនេះ សរុបចំនួន៤លើក។ ក្នុងនោះ ក្រុមហ៊ុន Raytheon ទទួលបានជោគជ័យទាំងពីរលើក ក្នុងការធ្វើតេស្ត ខណៈក្រុមហ៊ុន Lockheed Martin ទទួលបានជោគជ័យ១លើក និងបរាជ័យ១លើក។

កាលពីថ្ងៃពុធសប្តាហ៍មុន អាមេរិកក៏បានប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តអាវុធហៃភើសូនិច នៅក្រោមកម្មវិធី២ផ្សេងទៀតផងដែរ រួមមានកម្មវិធី ARRW ដែលជាប្រភេទបាញ់ចេញពីផ្ទៃអាកាសដូច HAWC ដែរ ហើយនិងកម្មវិធី Operation Fires (OpFires) ដែលជាប្រភេទបាញ់ចេញពីផ្ទៃដី។ ដោយឡែក កាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ អាមេរិកបានទទួលបរាជ័យ ក្នុងការធ្វើតេស្តអាវុធហៃភើសូនិច ១ប្រភេទទៀត ហៅថា Common-Hypersonic Glide Body ដែលមានគោលដៅ សម្រាប់ប្រើប្រាស់ដោយនាវាចម្បាំង និងនាវាមុជទឹក។

គួរបញ្ជាក់ថា អាវុធហៃភើសូនិច (Hypersonic) ធ្វើដំណើរនៅក្នុងស្រទាប់បរិយាកាសផ្នែកខាងលើ ក្នុងល្បឿនលឿនជាងល្បឿន សំឡេងលើសពី៥ដង ឬលើសពី៦,២០០គីឡូម៉ែត្រ/ម៉ោង៕