(បាគូ)៖ គណៈកម្មការអឺរ៉ុប បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិ ឱ្យកម្រិតទ្វេដង នៅឆ្នាំ២០២៧។ នេះបើយោងតាមដកស្រង់ផ្សាយដោយសារព័ត៌មាន Euronews នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីប្រកាសខាងលើនេះបានធ្វើឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បានធ្វើទស្សនកិច្ចនៅឯទីក្រុងបាគូ (Baku) នៃប្រទេសអាស៊ែបៃហ្សង់ សម្រាប់កិច្ចពិភាក្សា ស្តីពីការបង្កើនការផ្គត់ផ្គង់ថាមពល ដល់សហភាពអឺរ៉ុប (EU)។
កិច្ចព្រមព្រៀងនេះ មានគោលដៅបង្កើនការនាំចូលឧស្ម័នធម្មជាតិពីអាស៊ែបៃហ្សង់ ឱ្យដល់កម្រិតយ៉ាងតិច ២០ពាន់លានម៉ែត្រគូប/១ឆ្នាំ ក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជួយដល់សហភាពអឺរ៉ុប កាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៉ី។ លោកស្រី វ៉ុនឌែរ ឡេយិន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការថាមពលរបស់ EU ជាមួយអាស៊ែបៃហ្សង់ ដែលជាដៃគូដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយការពឹងពាក់លើឥន្ធនៈផូស៉ីលរបស់រុស្ស៉ី។
គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីការបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៉ីទាំងស្រុង បានកើនឡើងកាលពីសប្តាហ៍មុន ក្នុងចំណោមសហភាពអឺរ៉ុប បន្ទាប់ពីបំពង់ ណូត ស្ទ្រីម វាន់ (Nord Stream 1) បានចាប់ផ្តើមការជួលជុលថែទាំ តាមការគ្រោងទុក ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័ន ស្ថិតក្នុងការផ្អាក។
ការងារជួលជុលថែទាំបំពង់ខាងលើ ដែលបង្ហូរឧស្ម័នពីរុស្ស៉ីទៅកាន់អាល្លឺម៉ង់ នឹងបន្តរហូតដល់ចុងសប្តាហ៍នេះ ប៉ុន្តែក្រសូងការបរទេសរុស្ស៉ីបានបញ្ជាក់ថា នាពេលអនាគតនៃដំណើរការរបស់បំពង់បញ្ជូនឧស្ម័ននេះ ត្រូវផ្សារភ្ជាប់ទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ៕