(ឡុងដ៍)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅតែបន្តទទួលបានការគាំទ្រនាំមុខគេ ពីសំណាក់សមាជិកសភានៃគណបក្សអភិរក្សនិយម នៅក្នុងការបោះឆ្នោតជុំទីបី ដើម្បីជ្រើសរើសអ្នកដែលនឹងត្រូវជំនួស លោក បូរីស ចនសុន (Boris Johnson) ជាប្រធានថ្មីរបស់បក្ស និងជានាយករដ្ឋមន្រ្តីថ្មី របស់ចក្រភពអង់គ្លេស ខណៈបេក្ខជនម្នាក់ទៀត ត្រូវបានជម្រុះចេញពីការប្រកួត។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

ក្នុងការបោះឆ្នោតជុំទីបីនេះ លោក Sunak ទទួលបានការគាំទ្រចំនួន១១៥សំឡេង ក្នុងចំណោមក្រុមសមាជិកសភារបស់ គណបក្សអភិរក្សនិយម។ ចំណែក រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ លោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ទទួលបាន ៨២សំឡេង ហើយរដ្ឋមន្រ្តីការបរទេស លោកស្រី លីស ត្រាស់ (Liz Truss) ទទួលបាន ៧១សំឡេង។ រីឯអតីតរដ្ឋលេខាធិការទទួលបន្ទុក កិច្ចការសមភាពយែនឌ័រ លោកស្រី ខេមី បេដណុច (Kemi Badenoch) ទទួលបាន៥៨សំឡេង។

សម្រាប់ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃសភាអង់គ្លេស លោក ថម ធូចិនហ៊ែត (Tom Tugendhat) វិញ គឺបានខ្ទាតចេញពីការប្រកួត ក្រោយទទួលបានសំឡេងគាំទ្រតិចជាងគេគឺ ត្រឹម៣១សំឡេង។ បេក្ខជននៅសល់ទាំង៤នាក់ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតជុំទីបួន នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សអភិរក្សនិយមទាំង៣៥៨នាក់ នឹងបន្តបោះឆ្នោតជម្រុះបេក្ខជន ឱ្យនៅសល់២នាក់ចុងក្រោយ ក្នុងសប្តាហ៍នេះ មុនពេលសភាត្រូវឈប់សម្រាកវិស្សមកាល។ កំលុងពេលវិស្សមកាលនោះ បេក្ខជនទាំង២រូប នឹងត្រូវឆ្លងកាត់បោះឆ្នោតជុំចុងក្រោយ ប៉ុន្តែលើកនេះគឺធ្វើឡើង ក្នុងចំណោមសមាជិកប្រមាណជា ២០០,០០០នាក់ របស់គណបក្សតែម្តង ហើយអ្នកទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីក្លាយជាប្រធានបក្ស និងជានាយករដ្ឋមន្រ្តីជំនួស លោក ចនសុន ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន៕