(ប្រ៊ុចសែល)៖ គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទនេះថា ខ្លួនបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វាប្រមាណ ៥៤,០០០ដូស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bavarian Nordic ខណៈដែលការព្រួយបារម្ភកើនឡើងជំងឺនេះ ចំពេលមានករណីកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងដំបូងដែលបានចុះហត្ថលេខាក្នុងខែមិថុនា នៅពេលដែលសហភាពអឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ប្រហែល ១១០,០០០ដូស។

ស្នងការសុខភាពសហភាពអឺរ៉ុប លោក Stella Kyriakides បាននិយាយថា «ខ្ញុំមានការព្រួយបារម្ភចំពោះការកើនឡើង នៃករណីជំងឺអុតស្វានៅក្នុងសហភាពអឺរ៉ុប» ដោយបន្ថែមថា ឥឡូវនេះមានករណីជាង ៧,០០០ករណី ត្រូវបានរាយការណ៍នៅក្នុងសហភាពអឺរ៉ុប ដែលជាការកើនឡើងជិត៥០ភាគរយពីសប្តាហ៍មុន៕