(ប៉េកាំង)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមិនមែនសាមីភាគីក្នុងវិបត្តិអ៊ុយក្រែននោះទេ ប៉ុន្តែប្រទេសចិនតែងតែធ្វើកិច្ចសម្រុះសម្រួល និងជំរុញឱ្យមានកិច្ចសន្ទនាដោយឥរិយាបថម៉ឺងម៉ាត់មិនងាករេជានិច្ច។

ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយមេត្រីភាពជាមួយហុងគ្រី ប្រកាន់អាកប្បកិរិយាវិជ្ជមាននិងបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយគាំទ្រដល់សហគ្រាសចិនឱ្យទៅធ្វើ វិនិយោគទុននៅប្រទេសហុងគ្រី ដោយសង្ឃឹមថា ភាគីហុងគ្រីអាចផ្តល់ការរំពឹងទុកផ្នែកគោលនយោបាយ ដែលប្រកបដោយភាពនឹងនរ និងបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ ជឿជាក់ថាភាគីហុងគ្រីនឹងបន្តប្រកាន់ គោលជំហរដែលមានសត្យានុម័តនិងយុត្តិធម៌ និងជំរុញឱ្យសហភាពអឺរ៉ុបអនុវត្ត គោលនយោបាយវិជ្ជមាននិងប្រាកដប្រជា ចំពោះប្រទេសចិន។

ជាការឆ្លើយតប លោក Peter Szijjarto បានថ្លែងថា តាំងពីដើមមក ប្រទេសចិនមិនជាគូប្រជែងរបស់អឺរ៉ុបនោះទេ តែជាដៃគូដែលនាំមកនូវឱកាសសហប្រតិបត្តិការ។ ភាគីហុងគ្រីនឹងបន្តខិតខំជំរុញ កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិន ដែលគោរពគ្នាទៅវិញទៅមក ប្រកបដោយសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន