(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក John Robert Bolton ដែលធ្លាប់កាន់មុខតំណែងជា ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់រដ្ឋាភិបាលលោកត្រាំ បានទទួលស្គាល់ក្នុងពេលផ្តល់ បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកថា «លោកធ្លាប់ជួយគ្រោងផែនការ ដើម្បីបំផុសចលនារដ្ឋប្រហារចំពោះប្រទេសដទៃ»។ ពិតមែនតែលោក John Robert Bolton មិនបានបញ្ជាក់ពី «ចលនារដ្ឋប្រហារ» ណាខ្លះដែលលោកបានធ្វើក៏ដោយ ក៏ប៉ុន្តែលោកបានលើកឡើងពី ការធ្វើរដ្ឋប្រហារមិនបានសម្រេច នៅប្រទេសវ៉េណេស៊ុយអេឡា កាលពីឆ្នាំ ២០១៩ ។

ការទទួលស្គាល់ការពិតរបស់លោក John Robert Bolton បានរងការរិគន់ពីមតិអន្តរជាតិ ជាពិសេសគឺប្រទេសនិងតំបន់ ដែលត្រូវបំផ្លិចបំផ្លាញដោយបាតដៃខ្មៅនយោបាយរបស់អាមេរិក មានភាពឈឺចាប់ក្នុងដួងចិត្ត។ លោក Evo Morales អតីតប្រធានាធិបតីបូលីវីបានថ្កោលទោស តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ១៣ ខែកក្កដាថា ពាក្យសម្តីរបស់លោក John Robert Bolton ទាំងនេះបានបង្ហាញឱ្យឃើញថា អាមេរិកទើបជា «សត្រូវដ៏ធំបំផុតរបស់ប្រជាធិបតេយ្យ»

និយាយជារួម ការដែលអាមេរិកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតមាន ប្រវតិ្តសាស្រ្តខ្មៅងងឹតជាយូរលង់ណាស់មកហើយ។ កាលពីខែមិថុនា ឆ្នាំនេះ ប៉ុស្តិ៍ប្រវត្តិសាស្ត្ររបស់ប្រព័ន្ធសារព័ត៌មាន A&E អាមេរិកបានរៀបរាប់ពីប្រតិបត្តិការជាច្រើនលើករបស់អាមេរិក ដែលចូលរួមចលនារដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលបរទេស ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ឧទាហរណ៍ដូចជា កាលពីខែមករា ឆ្នាំ១៨៩៣ មកម្ល៉េះ អាមេរិកបានញុះញង់ឱ្យជនជាតិអាមេរិក នៅព្រះរាជាណាចក្រហាវ៉ៃធ្វើរដ្ឋប្រហារ ហើយក៏បានចាត់បញ្ជូនកងទ័ព សម្រាប់ផ្តល់ការគាំទ្រដើម្បីផ្ដួលរំលំ រដ្ឋអំណាចរបស់ព្រះមហាក្សត្រីយានី Liliuokalani ដែរ។

សូមបញ្ជាក់ថា ទន្ទឹមនឹងបានលេបយកទឹកដីនៅបរទេសកាន់តែច្រើន សហរដ្ឋអាមេរិកបានចាប់ផ្តើម ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃយ៉ាងមមាញឹក។ តាមស្ថិតិមិនគ្រប់គ្រាន់របស់ប្រព័ន្ធសារព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីសតវត្សរ៍ទី២០ មក អាមេរិកបានគ្រោងផែនការធ្វើចលនារដ្ឋប្រហារ ដោយជោគជ័យឬមិនជោគជ័យរាប់សិប លើកនៅអាមេរិកឡាទីន។

ក្រៅពីមធ្យោបាយយោធា រដ្ឋាភិបាលអាមេរិកក៏ប៉ិនប្រសប់លេងសន្លឹកបៀ «បដិវត្តន៍ពណ៌» ផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងស្ថាប័នផ្សេងទៀតមួយចំនួនបាននិងកំពុងបញ្ជូនទស្សនៈតម្លៃរបស់អាមេរិកទៅកាន់ប្រទេសនិងតំបន់ដែលជាគោលដៅកំណត់ជាមុន តាមគ្រប់ទម្រង់ ដូចជាការផ្តល់ប្រាក់ទុនជាដើម ដើម្បីអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ ញុះញង់ឱ្យកើតមានអ្វីដែលហៅថា «ចលនាប្រជាធិបតេយ្យ»

គួររំលឹកដែរថា ពីការគ្រោងផែនការផ្តួលរំលំរដ្ឋអំណាចរបស់លោក Mohammad Mosaddegh មេដឹកនាំជាប់ឆ្នោតរបស់អ៊ីរ៉ង់ កាលពីឆ្នាំ ១៩៥៣ រហូតដល់ការគ្រោងផែនការហេតុការណ៍ «BayofPigs» កាលពីឆ្នាំ១៩៦១ ដើម្បីផ្តួលរំលំរដ្ឋាភិបាលគុយបា ដែលដឹកនាំដោយលោក Fidel Castro នៅពីក្រោយរាល់ភាពចលាចល ដែលកើតឡើងនៅលើពិភពលោក សុទ្ធតែមានស្រមោលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)។

ចំណែកឯមូលនិធិប្រជាធិបតេយ្យជាតិអាមេរិក ដែលត្រូវគេប្រៀបដូចជា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកទីពីរ» គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយហេតុការណ៍មួយចំនួនដូចជា «បដិវត្តន៍ផ្កាកុលាប» នៅហ្សកហ្ស៊ី «បដិវត្តន៍ពណ៌ក្រូច» នៅអ៊ុយក្រែនព្រមនិងសកម្មភាព «និទាឃរដូវអារ៉ាប់» ជាដើម អាមេរិកគឺជា «អ្នកទោស» ដែលតែងតែបង្កភាពចលាចលនៅប្រទេសដទៃទៀត។

ប្រសិនបើនិយាយថា សហរដ្ឋអាមេរិកជាប្រភពនៃការបង្កភាពចលាចលនៅលើពិភពលោក នោះ អ្នកនយោបាយអាមេរិក ដូចជា លោក John Robert Bolton ជាដើមក៏ជា «អ្នកបញ្ជាផ្ទាល់» ដែលបង្កើតនិងនាំចេញភាពវឹកវរ ទៅកាន់ពិភពខាងក្រៅ។ អ្នកនយោបាយអាមេរិក ដែលដៃទាំងពីរប្រឡាក់ដោយឈាមស្រស់របស់ប្រជាជនប្រទេសដទៃទាំងនេះ ចាំបាច់ត្រូវទទួលការស៊ើបអង្កេត និងជំនុំជម្រះពីសំណាក់សហគមន៍អន្តរជាតិ ហើយត្រូវផ្តន្ទាទោសតាមនីតិវិធីច្បាប់! អ្វីដែលពួកគេតែងតែអួតអាងខ្លួនថា «បទពិសោធ» គឺជាភស្តុតាងពិតជាក់ស្តែងដែលមិនអាចប្រកែកបាន!

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន