(ញូដេលី)៖ ការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានចាប់ផ្តើមនាថ្ងៃចន្ទនេះ នៅទូទាំងប្រទេសឥណ្ឌា ខណៈប្រធានាធិបតីបច្ចុប្បន្នគឺ លោក រ៉ាមណាត កូវីន (Ram Nath Kovind) នឹងត្រូវផុតអាណត្តិរយៈពេល ៥ឆ្នាំរបស់លោក ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
ការបោះឆ្នោតខាងលើ ដើម្បីជ្រើសរើសប្រធានាធិបតីឥណ្ឌាទី១៥ មិនមែនធ្វើឡើងក្នុងចំណោមប្រជាជនផ្ទាល់ឡើយ គឺក្នុងចំណោមសមាជិកសភាជាតិ និងសមាជិកសភា នៅតាមបណ្តារដ្ឋទាំងអស់នៃប្រទេសឥណ្ឌា ហើយសន្លឹកឆ្នោតរបស់ក្រុមសមាជិកសភា នៅតាមរដ្ឋនីមួយៗ ក៏មានតម្លៃខុសគ្នាផងដែរ។
គួរបញ្ជាក់ថា សម្រាប់ការរាប់សន្លឹកឆ្នោតវិញ គឺត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា។ បេក្ខជនរបស់សម្ព័ន្ធគណបក្ស NDA ដែលកំពុងកាន់អំណាច គឺលោកស្រី ឌ្រូប៉ាឌី ម៉ួមូ (Droupadi Murmu) ត្រូវគេរំពឹងថា នឹងទទួលជ័យជម្នះក្នុងការបោះឆ្នោត លើបេក្ខជនរបស់ក្រុមបក្សប្រឆាំង គឺលោក យ៉ាស់វ៉ាន់ ស៉ីនហា (Yashwant Sinha) ដ្បិត NDA គ្រប់គ្រងសំឡេងភាគច្រើននៅក្នុង សភាទាំងជាន់ថ្នាក់នៃសភាជាតិ និងនៅក្នុងសភាតាមបណ្តារដ្ឋជាច្រើន៕