(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកបានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ទ្រូដូ (Justin Trudeau) កាលពីថ្ងៃអាទិត្យទៅនេះថា អ៊ុយក្រែននឹងមិនទទួលយកដាច់ខាត ការសម្រេចចិត្តរបស់កាណាដា ក្នុងការប្រគល់ម៉ាស៉ីនទួប៊ីន សម្រាប់បំពង់ឧស្ម័នរុស្ស៉ី ត្រឡប់មកវិញនោះទេ ព្រោះវានឹងលើកទឹកចិត្តឲ្យមានការរំលោភបំពានទណ្ឌកម្មបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានឲ្យដឹងថា លោកបាននិយាយជាមួយ លោក ទ្រូដូ និងបានអរគុណចំពោះកាណាដា សម្រាប់ការគំាទ្រអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ទោះយ៉ាងណាខ្ញុំបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនទទួលយក ការសម្រេចចិត្តរបស់កាណាដា ទាក់ទងនឹងការប្រគល់មកវិញនូវម៉ាស៉ីនទួប៊ីន នៃបំពង់ឧស្ម័ន ណ័រ ស្ទ្រីម (Nord Stream) របស់រុស្ស៉ី នោះទេ ខណៈដែលការប្រគល់ទៅឲ្យអាល្លឺម៉ង់ គឺជាការរំលោភទណ្ឌកម្ម»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីកាណាដា បាននិយាយថា «វាជាការសម្រេចចិត្តដ៏លំបាកមួយ» ក្នុងការផ្តល់ការលើកលែងពីទណ្ឌកម្មដែលបានដាក់លើរុស្ស៉ី សម្រាប់ការប្រគល់ត្រឡប់ទៅវិញនូវ ម៉ាស៉ីនទួប៊ីនខាងលើ ក្រោយការជួសជុល៕