(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) នាថ្ងៃចន្ទនេះ បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយនាំយកទៅជាមួយ នូវសារនៃការផ្សះផ្សាគ្នាពី ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង គឺលោក យូន ស៊ុកយុល (Yoon Suk-yul) ដែលមានក្តីសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាវិវាទប្រវត្តិសាស្រ្ត និងស្តារទំនាក់ទំនងឱ្យប្រសើរឡើង ជាមួយទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់រាជធានីតូក្យូរបស់ជប៉ុន គិតចាប់តាំងពីលោក យូន បានឡើងកាន់អំណាច កាលពីខែឧសភា លោក ផាក នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ី (Yoshimasa Hayashi) នៅថ្ងៃចន្ទនេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះ លោក ផាក បាននិយាយថា លោកនឹងប្រាប់ភាគីជប៉ុនថា លោក យូន មានឆន្ទៈយ៉ាងរឹងមាំ ដើម្បីលើកកម្ពស់ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ដែលមានសម្ព័ន្ធភាពដាច់ដោយឡែក ជាមួយប្រទេសទាំងពីរ ក៏បាននិងកំពុងជំរុញឱ្យកូរ៉េខាងត្បូងនិងជប៉ុន ផ្សះផ្សាទំនាក់ទំនងផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការ នឹងកាន់តែប្រសើរឡើង លើបញ្ហាផ្សេងៗ ជាពិសេស កូរ៉េខាងជើង និងចិន។

គួរបញ្ជាក់ថា ដោយសារតែបញ្ហាទាក់ទងនឹង ការដាក់អាណានិគមរបស់ជប៉ុន កាលឆ្នាំ១៩១០-១៩៤៥ លើឧបទ្វីបកូរ៉េ បានបន្តធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងស៊េអូល និងទីក្រុងតូក្យូ នៅតែបន្តស្ថិតក្នុងភាពតានតឹង រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមទាំង ការទាមទារសំណងពីប្រជាជនកូរ៉េខាងត្បូង ជុំវិញបញ្ហាបង្ខិតបង្ខំឱ្យធ្វើពលកម្មក្នុងសម័យសង្រ្គាម និងការចាប់បង្ខំស្រី្តកូរ៉េ ឱ្យក្លាយជាស្រ្តីបម្រើផ្លូវភេទសម្រាប់យោធាជប៉ុន ជាដើម៕