(មូស្គូ)៖ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី លោកស្រី ម៉ារីណា អូវស៉ីយ៉ាន់នីកូវ៉ា (Marina Ovsyannikova) ដែលបានសម្ដែងការតវ៉ា កំលុងការផ្សាយ ផ្ទាល់តាមទូរទស្សន៍ ដើម្បីប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែន កាលពីខែមីនាកន្លងទៅ ត្រូវបានឃុំខ្លួនក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅ។ នេះបើយោតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំំ២០២២។

តាមរយៈសារមួយបង្ហោះលើបណ្តាញតេឡេក្រាម បានឲ្យដឹងថា «លោកស្រី ម៉ារីណាត្រូវបានឃុំខ្លួនហើយ» ដោយភ្ជាប់ជាមួយ រូបភាពនៃប៉ូលិសពីរនាក់ នាំខ្លួនលោកស្រីចូលទៅកាន់រថយន្តព័ណ៌សមួយគ្រឿង។ ក្រោយមកមិនយូប៉ុន្មាន ទើបលោកស្រី ម៉ារីណា បានបង្ហោះរូបភាពរបស់លោកស្រី និងសត្វសុនខពីរក្បាល។

លោកស្រី ម៉ារីណា បានសរសេរក្នុងសារមួយនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «ទៅដើរលេងជាមួយសុនខរបស់ខ្ញុំ, គ្រាន់តែដើរចេញមកដល់មុខទ្វារ មានមនុស្សពាក់ឯកសណ្ឋានបានមករកខ្ញុំ។ ឥលូវនេះខ្ញុំកំពុងអង្គុយនៅក្នុងប៉ុស្តិ៍ប៉ូលិសមួយនៃទីក្រុងមូស្គូ។ ប៉ុន្តែ រយៈពេល ៣ម៉ោងក្រោយ មកខ្ញុំត្រូវបានគេដោះលែងវិញ»

គួរបញ្ជាក់ថា លោកស្រី ម៉ារីណា បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងកាលពីខែមីនា ឆ្នាំ២០២២ ខណៈនាងបានចូលទៅក្នុងស្ទូឌីយោរបស់ទូរទស្សន៍រដ្ឋរុស្ស៉ី ដែលកំពុងធ្វើការផ្សាយផ្ទាល់ព័ត៌មាន ដើម្បីបរិហារសង្រ្គាមនៅអ៊ុយក្រែន។ លោកស្រីក៏បានរងនូវការផាកពិន័យ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទបំពានច្បាប់តវ៉ា៕