(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយថា សហភាពអឺរ៉ុប (EU) មិនគួររក្សាសិទ្ធិវេតូនៃរដ្ឋជាសមាជិក របស់ខ្លួន នៅពេលធ្វើការសម្រេចណាមួយលើគោលនយោបាយការបរទេស និងសន្តិសុខ ប្រសិនបើចង់រក្សាតួនាទីរបស់ខ្លួន ក្នុងការដឹកនាំនយោបាយ ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
ការលើកឡើងរបស់លោក សូលស៍ ខាងលើនេះត្រូវបានចុះផ្សាយដោយការសែតនៅក្នុងស្រុក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ លោក សូលស៍ បានបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនតម្រូវឲ្យអឺរ៉ុបរួបរួមគ្នាជាបន្ទាន់ និងបង្កើនសម្ពាធដើម្បីបញ្ចប់ «ការរាំងខ្ទប់ដោយភាពអាត្មានិយម» នៃការសម្រេចចិត្ត របស់រដ្ឋជាសមាជិកនីមួយៗ។ លោក សូលស៍ បានបន្ថែមថា «យើងមិនគួរឱ្យមានសិទ្ធិវេតូថ្នាក់ជាតិទៀតនោះទេ ជាឧទាហរណ៍ក្នុងគោលនយោបាយ ការបរទេស ប្រសិនបើយើងចង់បន្តកាន់ដំណែងក្នុងពិភពនៃមហាអំណាចដែលមានការប្រកួតប្រជែង»។
គួរបញ្ជាក់ថា លោក សូលស៍ កំពុងប្រឈមមុខនឹងការរិះគន់ពីទីក្រុងកៀវ ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតថាអាល្លឺម៉ង់បានប្រកាន់ជំហរ ទន់ខ្សោយពេកចំពោះរុស្ស៉ី ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន៕