(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខ នៅក្នុងស្រុកដ៏មានឥទ្ធិពលម្នាក់របស់អ៊ុយក្រែន (SBU) ព្រមទាំងអគ្គរដ្ឋអាជ្ញាម្នាក់ចេញពីតំណែង ដោយសារតែក្រុមមន្ត្រីនៅក្នុងការិយាល័យរបស់ អ្នកទាំង២ បានគប់គិតជាមួយរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
ការប្រកាសបណ្ដេញប្រធាន SBU គឺលោក អ៉ីវ៉ាន បាកានូវ (Ivan Bakanov) ជាមិត្តភក្តិតាំងពីកុមារភាពម្នាក់របស់លោក ហ្សេលេនស្គី និងអគ្គរដ្ឋអាជ្ញា លោកស្រី អ៉ីរីណា វេនេឌីកតូវ៉ា (Iryna Venediktova) ដែលជាអ្នកដឹកនាំការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ចេញពីតំណែង ធ្វើឡើងនៅក្នុងបទបញ្ជាប្រតិបត្តិមួយចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន។
បើតាមលោក ហ្សេលេនស្គី ករណីសង្ស័យពាក់ព័ន្ធនឹងបទក្បត់ជាតិចំនួន ៦៥១ ហើយក្នុងនោះមានមន្ត្រីជាង៦០នាក់ មកពីការិយាល័យរបស់លោក បាកានូវ និងលោកស្រី Venediktova បានលួចគប់គិតធ្វើការជាមួយមូស្គូ ក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។
គួរបញ្ជាក់ថា ក្រោមការសង្ស័យពីបទក្បត់ជាតិ អតីតប្រធាន SBU ដែលគ្រប់គ្រងតំបន់គ្រីមៀ (Crimea) ជាទីដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធរបស់ ខ្លួនក្នុងឆ្នាំ២០១៤ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ករណីសង្ស័យពីបទក្បត់ជាតិដ៏ច្រើននេះ បានបង្ហាញពីបញ្ហាប្រឈមដ៏ធំនៃការជ្រៀតចូលរបស់រុស្ស៊ី ចំពោះមុខការតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន៕