(ឡុងដ៍)៖ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញថា «អនុត្តរភាព» របស់លោកខាងលិចកំពុងឈានទៅរកទីបញ្ចប់ ខណៈចិនកំពុងងើបមុខ ឡើងជាកំពូលមហាអំណាច ក្នុងភាពជាដៃគូជាមួយរុស្ស៉ី។ នេះការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ (Tony Blair) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមលោក តូនី ប្ល៊ែរ ពិភពលោកសព្វថ្ងៃ កំពុងស្ថិតនៅក្នុងចំណុចរបត់ថ្មីមួយនៃប្រវត្តិសាស្ត្រ បើធៀបទៅនឹងចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ឬក្រោយការដួលរលំនៃសហភាពសូវៀត ដោយបច្ចុប្បន្នច្បាស់ណាស់ លោកខាងលិចមិនមែនកំពុងរះឡើងនោះទេ។ ថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «យើងកំពុងឈានទៅរកទីបញ្ចប់នៃ អនុត្តរភាពសេដ្ឋកិច្ច និងនយោបាយ ខណៈពិភពលោកកំពុងឆ្ពោះទៅរកពិភពមានប៉ូល ២ ឬប៉ូលច្រើន ហើយការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយដ៏ធំ នៅក្នុងស.វនេះ នោះគឺចិន មិនមែនរុស្ស៉ីឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថាលោកខាងលិចបានប្រកាសសង្រ្គាមសេដ្ឋកិច្ចដើម្បីធ្វើឱ្យរុស្ស៉ីឯកោ តាមរយៈការដាក់ទណ្ឌកម្ម ដែលនេះនឹងជំរុញឱ្យរុស្ស៉ីបោះដៃទៅរកមហាអំណាចដូចជា ចិន និងឥណ្ឌា៕