(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថាការបដិសេធរបស់អ៊ុយក្រែន និងលោកខាងលិច ក្នុងការទទួលការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើតំបន់គ្រីមៀ គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៉ី ហើយរាល់ការវាយប្រហារ ពីខាងក្រៅណាមួយលើតំបន់មួយនេះ នោះវាមានន័យថា «ថ្ងៃអវសាននៃពិភពលោក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
ការគំរាមខាងលើរបស់លោក ម៉េដវេដេវ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នេះ នាឱកាសថ្លែងសុន្ទរកថាទៅកាន់អតីតយុទ្ធជនរុស្ស៉ីសម័យសង្រ្គាមលោកលោកទី២។ លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ រដ្ឋដទៃ អាចជាអ៊ុយក្រែន ឬប្រទេសជាសមាជិក NATO ណាមួយ ជឿថាគ្រីមៀមិនមែនជាទឹកដីរុស្ស៉ី នោះវាគឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធ សម្រាប់ពួកយើង ហើយការវាយប្រហារណាមួយលើតំបន់នេះនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបដែលជាថ្ងៃអវសាននៃពិភពលោក»។
នេះមិនមែនជាលើកទីមួយទេ ដែលអតីតប្រធានាធិបតីរុស្ស៉ីរូបនេះធ្វើការគំរាមបែបនេះ ចាប់តាំងពីនៅសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ លោក ម៉េដវេដេវ មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ប៉ុន្តែកន្លងមកការគំរាមរបស់លោក គឺចង់សំដៅទៅលើប្រើប្រាស់អាវុធនុយក្លេអ៊ែរឆ្លើយតបទៅ នឹងជនទី៣ទាំងឡាយណាដែលហ៊ានធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីអ៊ុយក្រែនម្នាក់បានលើកឡើងថា តំបន់គ្រីមៀត្រូវបានបណ្ដាប្រទេសនៅលើពិភពលោកស្ទើរតែទាំងអស់ ទទួលស្គាល់ថាជាទឹកដីរបស់អ៊ុយក្រែន ហើយថាតំបន់មួយនេះអាចនឹងក្លាយជាគោលដៅនៃការវាយប្រហារដោយប្រព័ន្ធមីស៊ីល HIMARS ដែល ទទួលបានពីសហរដ្ឋអាមេរិក និងដែលកំពុងត្រូវបានដាក់ពង្រាយនៅឯសមរភូមិប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕