(ហ្សេរុយសាឡឹម)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលគ្រោងនឹងពង្រីក និងបើកផ្លូវហោះហើរថ្មីទៅកាន់ប្រទេសឥណ្ឌា និងគោលដៅអាស៊ីផ្សេងទៀត បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានបើកដែនអាកាសរបស់ខ្លួនដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលជាការផ្លាស់ប្តូរមួយដែលនឹងជួយសន្សំសំចៃថ្លៃប្រេងឥន្ធនៈ និងកាត់បន្ថយពេលវេលាហោះហើរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។
ទីក្រុងរីយ៉ាទកាលពីថ្ងៃសុក្រកន្លងទៅបាននិយាយថា ដែនអាកាសរបស់ខ្លួននឹងបើកចំហសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដើម្បីរួមបញ្ចូលទាំងផ្លូវអាស៊ីផងដែរ ដែលពីមុនច្រករបៀងអារ៉ាប៊ីសាអូឌីត សម្រាប់តែគោលដៅឈូងសមុទ្រតែប៉ុណ្ណោះ។
ក្រុមហ៊ុនអាកាសចរណ៍ El Al របស់អ៊ីស្រាអែល និង Arkia បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានស្នើសុំការអនុញ្ញាតហោះហើរលើដែនអាកាសអារ៉ាប៊ីសាអូឌីតរួចហើយ ដែលនឹងកាត់បន្ថយការហោះហើរប្រហែលជា ២ម៉ោងកន្លះទៅកាន់ប្រទេសឥណ្ឌា និងថៃ។
ផ្លូវបច្ចុប្បន្នទៅកាន់គោលដៅទាំងនោះ ដែលពេញនិយមសម្រាប់ប្រជាជនអ៊ីស្រាអែល ដោយវៀងដែនអាកាសអារ៉ាប៊ីសាអូឌីត គឺហោះហើរទៅភាគខាងត្បូងលើសមុទ្រក្រហមជុំវិញប្រទេសយេម៉ែន៕