(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់នៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីបទបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសគូប្រជែងរបស់ខ្លួនអារ៉ាប៊ីសាអូឌីត និងប្រទេសសត្រូវរបស់ខ្លួនអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Qanani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន «បានអនុម័តម្តងទៀតនូវគោលនយោបាយភ័យខ្លាចអ៊ីរ៉ង់ ដោយព្យាយាមបង្កើតភាពតានតឹង និងវិបត្តិនៅក្នុងតំបន់»។

ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីលោក បៃដិន កាលពីថ្ងៃសៅរ៍បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិន អត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណាមួយ ដើម្បីគ្រប់គ្រងប្រទេសមួយផ្សេងទៀតនៅក្នុងតំបន់ តាមរយៈការកសាងយោធា ការឈ្លានពាន ឬការគំរាមកំហែងឡើយ។ ការព្រមាននេះត្រូវបានគេយល់ថា គឺសំដៅដល់អ៊ីរ៉ង់តែម្តង។

ដំណើរ ទស្សនកិច្ច នៅ មជ្ឈិមបូព៌ា លើក ដំបូង របស់ លោក បៃដិន បាន កើត ឡើង តែ ប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ មុន ពេល ដែល ប្រធានាធិបតី រុស្ស៊ី លោក ពូទីន នឹងមក បំពេញ ទស្សនកិច្ច នៅ ទីក្រុងតេហេរ៉ង់ នៅ ថ្ងៃ ទី១៩ ខែ កក្កដា។

នៅក្នុងសុន្ទរកថានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូលមួយដែលបានប្រមូលផ្តុំសមាជិកទាំងប្រាំមួយរូប នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចជាប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រធានាធិបតីអាមេរិក លោក បៃដិន បានធានាដល់មេដឹកនាំអារ៉ាប់ទាំងនោះថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តចូលរួមយ៉ាងពេញលេញនៅមជ្ឈិមបូព៌ា៕