(ប៉េកាំង)៖ នៅបុរីបុរាណ Jiaohe ស្វែងយល់ពីភាពទាក់ទាញនៃការផ្លាស់ប្តូរអរិយធម៌។ រសៀលថ្ងៃទី១៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅដល់បុរីបុរាណ Jiaohe ក្នុងក្រុង Turpan ភូមិភាគស្វយ័ត Xinjiang ដើម្បីស្វែងយល់ពីការការពារ និងប្រើប្រាស់ បេតិកភ័ណ្ឌវប្បធម៌ជាដើម។

បុរីបុរាណ Jiaohe ស្ថិតនៅជាយក្រុង Turpan ទំហំសរុប៣៧.៦ហិកតា ជាទីក្រុងបុរាណសាងសង់ពីដីដែលមានទំហំធំបំផុត ហើយត្រូវបានអភិរក្ស ល្អជាងគេនិងមានប្រវត្តិសាស្ត្រយូរជាងគេលើសកលលោក។

បុរីបុរាណ Jiaohe ធ្លាប់ជាច្រកគមនាគមន៍សំខាន់តាមផ្លូវសូត្រសម័យបុរាណ។ តាមការកំណត់ក្នុងសៀវភៅប្រវត្តិសាស្ត្រឆ្នាំ៦០ មុនគ្រឹស្តសករាជ រជ្ជកាល HAN បានបង្កើតស្ថាប័នគ្រប់គ្រងតំបន់ភាគខាងលិចរបស់ចិននៅបុរី Jiaohe ដែលតំណាងឱ្យតំបន់ជុំវិញជាទឹកដីរបស់ចិនជាផ្លូវការ។ ឈានដល់រជ្ជកាល TANG ក៏ជ្រើសយកបុរី Jiaohe ធ្វើជាទីចាត់ការស្ថាប័នគ្រប់គ្រងកិច្ចការយោធា និងនយោបាយកំពូលប្រចាំតំបន់ភាគខាងលិច របស់ចិនដែរ។

បុរីបុរាណ Jiaohe ជាទីសក្ខីភាពនៃភាពរុងរឿងនឹងការផ្លាស់ប្តូរដ៏មមាញឹកនៃពាណិជ្ជកម្មនិងវប្បធម៌តាមផ្លូវសូត្រ បានកំណត់ប្រវត្តិសាស្ត្រផ្លាស់ប្តូរ និងផ្សព្វផ្សាយបច្ចេកទេសស្ថាបត្យកម្មនិងពុទ្ធសាសនាតាមផ្លូវសូត្រ។ ក្រោយមក ដោយបានរងសង្គ្រាមជាយូរឆ្នាំ បុរីJiaohe ក៏កាន់តែពុកផុយទៅ រហូតដល់ត្រូវបោះបង់ចោល។

លោក Xi Jinping បានគូសបញ្ជាក់ពេលត្រួតពិនិត្យការងារនៅទីនេះថា បុរីបុរាណ Jiaohe ជាច្រកគមនាគមន៍សំខាន់នៃផ្លូវសូត្រ ជាសក្ខីភាព សំខាន់មួយនៃប្រវត្តិសាស្ត្រអរិយធម៌ជាង៥ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដែលមានគុណតម្លៃប្រវត្តិសាស្ត្រសំខាន់។ ត្រូវបង្កើនការប្រើប្រាស់ ការការពារ និងបន្តវេនបេតិកភ័ណ្ឌវប្បធម៌ ដើម្បីពង្រីកឥទ្ធិពលអន្តរជាតិនៃវប្បធម៌ប្រជាជាតិចិនដោយឥតឈប់ឈរ។

កាលពីឆ្នាំ២០១៤ បុរីបុរាណដែលបានបន្តវេនសសៃឈាមរបស់ប្រជាជាតិចិន និងជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយនៃផ្លូវសូត្រមួយនេះ បានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

វិទ្យុ មិត្តភាពកម្ពុជាចិន