(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថារុស្ស៉ីកំពុងពង្រឹងទីតាំងការពារជាច្រើន នៅទូទាំងតំបន់ដែលកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លីជាប្រចាំ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថាការពង្រឹង ទីតាំងការពារខាងលើ ក្នុងនោះរួមមានទាំងសកម្មភាពកងទ័ព, សព្វាវុធ និងទីតាំងការពារដែលស្ថិតនៅចន្លោះទីក្រុង ម៉ារីយូប៉ូល និងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ព្រមទាំងទីក្រុងខឺសុន (Kherson) ខណៈកងទ័ពរុស្ស៉ីក្នុងទីក្រុង ម៉េលីតូប៉ូល (Melitopol) ក៏កំពុងពង្រឹង វិធានការសន្តិសុខផងដែរ។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់ក្រសួងការពារជាតិអង់គ្លេស កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានចេញបញ្ជាឱ្យកងទ័ពរបស់ ខ្លួន បង្កើនការវាយលុកនៅតាមសមរភូមិសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសក្នុងតំបន់ដូណេត តែម្ដង៕