(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើជាដៃគូដ៏សកម្មនៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានជំរុញឱ្យបណ្ដាមេដឹកនាំ នៅឯកិច្ចប្រជុំកំពូលអារ៉ាប់ ចាត់ទុកសិទ្ធិមនុស្សគឺជាកម្លាំងនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដ៏មានថាមពល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូល ទៅកាន់មេដឹកនាំអារ៉ាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាឱកាសបំពេញទស្សនកិច្ចក្នុងប្រទេស អារ៉ាប៊ីសាអូឌីត លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានចូលរួមចំណែកនៅក្នុងការកសាងអនាគតជាវិជ្ជមាននៅក្នុងតំបន់ ដោយធ្វើជាដៃគូជាមួយអ្នកទាំងអស់គ្នា ហើយសហរដ្ឋអាមេរិកនឹងមិនចាកចេញពីតំបន់មជ្ឈិមបូព៌ាឡើយ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតរបស់លោក ចូ បៃដិន ធ្វើឡើងដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យអារ៉ាប៊ីសាអូឌីត ជួយ បង្កើនការផលិតប្រេង ដើម្បីបញ្ចុះតម្លៃប្រេងដែលកំពុងឡើងថ្លៃដោយសារសង្រ្គាមនៅអ៊ុយក្រែន ខណៈអង្គការប្រទេសនាំចេញប្រេង ឬហៅកាត់ថា OPEC គ្រោងនឹងជួបប្រជុំគ្នាជាមួយប្រទេសជាដៃគូ នៅខែសីហាខាងមុខ៕