(ឌូបៃ)៖ តុលាការនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានផ្ដន្ទាទោស លោក អាហ្ស៊ីម ហ្កាហ្វួរ (Asim Ghafoor) ជាពលរដ្ឋអាមេរិក និងជាអតីតមេធាវីតំណាងឱ្យអ្នកកាសែត លោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi) ដាក់ពន្ធនាគារ៣ឆ្នាំ ពីបទលាងលុយកខ្វក់ និងបទល្មើសគេចពន្ធចំនួន ២ករណី ជាមួយការបង្គាប់ឱ្យបង់ប្រាក់ពិន័យ ៨១៦,៧៤៨ដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។
ក្រុមមន្ត្រីអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានទទួលស្គាល់ថា លោក ហ្កាហ្វួរ ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋាន Dubai International Airport កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ ពាក់ព័ន្ធនឹងការផ្ដន្ទាទោសកំបាំងមុខ ក្រោមបទចោទប្រកាន់លាងលុយកខ្វក់។ រីឯ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីរដ្ឋបាលលោក ចូ បៃដិន ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាសហរដ្ឋអាមេរិកបានដឹងដំណឹងពីការចាប់ខ្លួននេះហើយ តែមិនបានបញ្ជាក់ថាតើលោក បៃដិន បានលើកឡើងពីបញ្ហានេះជាមួយ ព្រះអង្គម្ចាស់ រជ្ជទាយាទ ប៊ីនសាល់ ម៉ា ដែរឬក៏យ៉ាងណានោះទេ នៅក្នុងជំនួបនៅឯអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍។
យ៉ាងណាក៏ដោយ ក្រុមមន្ត្រីអេមីរ៉ាតអារ៉ាប់រួម បានអះអាងថាការចាប់ខ្លួនលោក ហ្កាហ្វួរ មិនមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក ខាសូកជីឡើយ ខណៈ លោក ហ្កាហ្វួរផ្ទាល់ ក៏បានច្រានចោលការចោទប្រកាន់ពីអាជ្ញាធរអេមីរ៉ាតរួមផងដែរ។
គួរបញ្ជាក់ថា លោក ចាម៉ាល់ ខាសូកជី ជាជនជាតិអារ៉ាប៊ីសាអូឌីត និងជាអតីតអ្នកកាសែត Washington Post ត្រូវបានគេសម្លាប់នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីឆ្នាំ២០១៨។ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA នៅពេលនោះ បានសន្មត់ថាព្រះម្ចាស់ ប៊ីន សាល់ម៉ាន មានជាប់ទាក់ទិន នឹងអំពើឃាតកម្មនេះ តែព្រះអង្គម្ចាស់ និងអាជ្ញាធរអារ៉ាប៊ីសាអូឌីតបានទាត់ចោលរាល់ការចោទប្រកាន់៕