(ឌូបៃ)៖ អ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអាមេរិកចំនួន ៦១នាក់ ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ សម្រាប់ការគំាទ្រក្រុមសកម្មជនមួយរបស់អ៉ីរ៉ង់នៅឯក្រៅប្រទេស ខណៈកិច្ចចរចាស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងជាប់គាំង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។

បើតាមបញ្ជីដាក់ទណ្ឌកម្មរបស់ក្រសួងការបរទេសអ៉ីរ៉ង់ ក្រៅពីលោក ប៉ុមប៉េអូ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន និងមេធាវីអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺលោក រូឌី ជីអ៊ូលៀននី (Rudy Giuliani) ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅនេះដែរ។ លោក បូលតុន និងលោក ជីអ៊ូលៀននី គឺជាមនុស្សដែល បង្ហាញការគាំទ្រខ្លាំងដល់អង្គការមូចាហ៊ីឌីន អ៉ី ខ្លាដ (Mujahideen-e-Khalq) ឬហៅកាត់ថា MEK។

គួរបញ្ជាក់ថា តាមរយៈទណ្ឌកម្មខាងលើ អ៉ីរ៉ង់អាចរឹបអូស ឬបង្កកទ្រព្យសម្បត្តិរបស់ជនជាតិអាមេរិកដែលជាប់ទណ្ឌកម្ម និងដែលមាននៅក្នុងប្រទេសអ៉ីរ៉ង់។ តែដោយ អ្នកទាំងនេះមិនមានទ្រព្យសម្បត្តិតម្កល់ទុកនៅអ៉ីរ៉ង់ ទណ្ឌកម្មនេះគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ៕