(កៀវ)៖ មន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយថារុស្ស៉ីកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការវាយលុកដំណាក់កាលថ្មីមួយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ បញ្ជាឱ្យកងទ័ពរបស់ខ្លួនបង្កើនការវាយប្រហារលើអ៊ុយក្រែនពីគ្រប់ទិសទីទាំងអស់នៅក្នុងតំបន់សមរភូមិ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។

រុស្ស៉ី ត្រូវបានគេរាយការណ៍ថាបានបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជុំវិញ ការបង្កើនការវាយប្រហារនេះដែរ អ្នកនាំពាក្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitskyi) បានបញ្ជាក់ដូច្នេះថា «វាមិនមែនត្រឹមតែជាការវាយប្រហារដោយមីស៊ីលពីអាកាស និងពីនាវាចម្បាំងប៉ុណ្ណោះទេ តែអ្វីដែលយើងកំពុងឃើញនោះគឺ វាជាការវាយប្រហារចេញពីគ្រប់ទិស...ដែលនេះច្បាស់ថាប្រតិបត្តិការវាយលុក (របស់រុស្ស៉ី) កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មី»

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន កងទ័ពរុស្ស៉ី បាន និងកំពុងប្រមូលកម្លាំងទ័ពឡើងវិញ ដើម្បីវាយលុកលើទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Sloviansk) ដែលជាទីក្រុងនិមិត្តរូបដ៏សំខាន់មួយ គ្រប់គ្រងដោយអ៊ុយក្រែន នៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេស៕