(កៀវ)៖ មូលនិធិដែលសហភាពអឺរុប (EU) បានសន្យាផ្តល់ឲ្យអ៊ុយក្រែនត្រូវបានពន្យារពេល ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ប្លុកនេះ និងភាពខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំ នៅទីក្រុងព្រុចសែល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។
ការព្យួរកញ្ចប់ជំនួយនេះគឺដោយសារតែអាល្លឺម៉ង់បានព្យាយាមបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឱ្យផ្តល់ជំនួយដែលមិនអាចដកវិញបានតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ ជាជាងការផ្តល់ប្រាក់កម្ចីដល់ទីក្រុងកៀវ។
មន្ត្រីអាល្លឺម៉ង់ម្នាក់ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទីក្រុងប៊ែរឡាំង មិនចង់ទទួលរងផលប៉ះពាល់ពីការធានាប្រាក់កម្ចីឲ្យអ៊ុយក្រែនឡើយ ហើយបានស្នើឲ្យសមាជិកផ្សេងទៀត ធ្វើការងារបន្ថែមទៀត។
គួរបញ្ជាក់ថា កាលពីខែមីនា គណៈកម្មការអឺរ៉ុបបានស្នើសុំប្រាក់កម្ចីចំនួន ៩ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ុយក្រែនដែលនឹងត្រូវបានគាំទ្រ ដោយការធានារបស់រដ្ឋាភិបាលនៃប្រទេសសមាជិកសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្លុកនេះអាចយល់ព្រមលើការផ្ទេរប្រាក់ដំបូង ដែលមានតម្លៃ ១ពាន់លានដុល្លារ ប៉ុណ្ណោះ ក្នុងការប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕