(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអារិកជឿជាក់ថា មន្រ្តីរបស់រុស្ស៉ីបានទៅទស្សនាអាកាសយានដ្ឋានមួយ នៅក្នុងប្រទេសអ៉ីរ៉ង់នាពេលថ្មីៗនេះ ដើម្បីត្រួតពិនិត្យយន្តហោះដ្រូន (Drone) ដែលមានសមត្ថភាពធ្វើការវាយប្រហារបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។

លោក ស៊ូលីវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកកំពុងធ្វើការវាយតម្លៃចំពោះការវត្តមានរបស់គណប្រតិភូរស្ស៉ី ក្នុងការតាំងបង្ហាញយន្តហោះចម្បាំងដ្រូន UAVs នៅប្រទេសអ៉ីរ៉ង់ ដែលនេះជាលើកទីមួយហើយ សម្រាប់គណៈប្រតិភូរុស្ស៊ីដែលទៅទស្សនាអាកាសយានដ្ឋានសម្រាប់ការតាំងបង្ហាញបែបនេះ។

បូករួមជាមួយសេចក្តីថ្លែងការណ៍ខាងលើនេះ រូបភាពពីផ្កាយរណបចុះថ្ងៃទី៨ ខែមិថុនា ក៏បានឲ្យឃើញពីយន្តហោះដ្រូន របស់អ៉ីរ៉ង់ (UAVs) ដែលវាស្រដៀងគ្នានឹងប្រភេទដែលបានបង្ហាញដល់មន្រ្តីរុស្ស៉ីសម្រាប់ដំណើរទស្សនកិច្ចលើកទីពីរមទៅកាន់អាកាសយានដ្ឋាន កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ។

គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបាននិយាយថា អ៉ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះដ្រូនបើកជាច្រើនរយគ្រឿង រួមទាំងអាវុធមួយចំនួនទៀតដែលមានសមត្ថភាព ហើយទីក្រុងតេអេរ៉ង់ ក៏កំពុងរៀបចំបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឱ្យចេះប្រើប្រាស់ឧបករណ៍ទាំងនោះផងដែរ ខណៈដែលរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់បានច្រានចោលនូវការលើកឡើងនេះ៕