(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ នាវាចម្បាំង១គ្រឿងរបស់ខ្លួន បានធ្វើដំណើរក្បែរទីប្រជុំកោះ ស្ព្រាតលី (Spratly Islands) ដែលវាគឺជាលើកទី២ហើយ នៅក្នុងសប្តាហ៍នេះ ដែលទីក្រុងវ៉ាស៉ីនតោន បានចល័តនាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង យ៉ាងដូច្នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។
កងទ័ពជើងទឹកអាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «នៅថ្ងៃទី១៦ ខែកក្កដា នាវាចម្បាំង យូអេសអេស បេនហ្វូល (USS Benfold) បានអនុវត្តសិទ្ធិនិងសេរីភាពនៃការធ្វើនាវាចរណ៍ នៅតំបន់សមុទ្រចិនខាងត្បូង ក្បែរទីប្រជុំកោះ Spratly ដោយស្របទៅតាមច្បាប់អន្តរជាតិ»។
រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ យោធាចិនទើបតែបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងខាងលើដដែល ឱ្យចាកចេញឆ្ងាយទៅវិញ ពេលនាវាចម្បាំងអាមេរិកមួយនោះ បានធ្វើដំណើរទៅក្បែរទីប្រជុំកោះ ប៉ារ៉ាសែល (Paracel Islands) ដែលនៅសមុទ្រចិនខាងត្បូង ដូចគ្នា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក តែងអនុវត្តជាប្រចាំនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍» ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ខណៈសកម្មភាពនេះ ក៏តែងតែទទួលរងការរិះគន់ ជារៀងរាល់លើកផងដែរ ពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកថា វាជាទង្វើប៉ុនប៉ងបង្កភាពតានតឹង នៅក្នុងតំបន់ដោយចេតនា៕