(រីយ៉ាដ)៖ កំលុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ពីការឯកភាពគ្នាលើសារៈសំខាន់ នៃការរារាំងប្រទេសអ៉ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA លោក បៃដិន ក៏បានសង្កត់ធ្ងន់ឡើងវិញនូវ ការបន្តប្តេជ្ញារបស់អាមេរិក ក្នុងការគាំទ្រសន្តិសុខរបស់អារ៉ាប៊ីសាអូឌីត និងក្នុងការជួយឱ្យសម្ព័ន្ធមិត្តអារ៉ាប់មួយនេះ ទទួលបានសមត្ថភាពចាំបាច់នានា ដើម្បីការពារប្រជាជននិងទឹកដីខ្លួន ប្រឆាំងនឹងការគំរាមកំហែងទាំងឡាយពីខាងក្រៅ។
កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយ មហាអំណាចចំនួន៦ ដើម្បីរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយជាថ្នូរមកវិញ គឺទីក្រុងតេហេរ៉ង់ទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ យ៉ាងណាក្តី កាលពីឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ ដែលកាលនោះជា ប្រធានាធិបតីអាមេរិក បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ក្រោមហេតុផលថា វាមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់អ៉ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីនោះមក អ៉ីរ៉ង់បានបង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន គួរឱ្យកត់សម្គាល់ ខណៈក្រុមប្រទេសមហាអំណាចលោកខាងលិច និងទីក្រុងតេហេរ៉ង់ កំពុងព្យាយាមចរចាគ្នា ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធរវាងអ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីតវិញ គឺប្រទេសទាំងពីរជាមហាអំណាចមូស្លីមនិកាយស៉ីអ៉ីត និងស៊ូននី ប្រចាំនៅតំបន់មជ្ឈិមបូព៌ា ដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នា កាលពីឆ្នាំ២០១៦ ជុំវិញការគាំទ្រភាគីជម្លោះប្រឆាំងគ្នា ក្នុងសង្រ្គាមប្រូស៉ី នៅមជ្ឈិមបូព៌ា ចាប់តាំងពីយេម៉ែន រហូតដល់ស៉ីរី និងកន្លែងផ្សេងៗទៀត៕