(រីយ៉ាទ)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជិះយន្តហោះ Air Force 1 សម្រាប់ទិសដៅចុងក្រោយនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក ដោយបានចំណាយពេលពីរថ្ងៃនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។
ថ្ងៃនេះ ក្នុងជំនួបជាមួយមេដឹកនាំប៉ាឡេស្ទីន Mahmoud Abbas លោក បៃដិន បាននិយាយថា ប៉ាឡេស្ទីនត្រូវការផ្លូវនយោបាយដើម្បីសន្តិភាពជាមួយអ៊ីស្រាអែល ទោះបីជាដំណោះស្រាយរដ្ឋពីរហាក់ដូចជានៅឆ្ងាយក៏ដោយ។
លោក បៃដិន ដែលធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ទឹកដីប៉ាឡេស្ទីនក្នុងនាមជាប្រធានាធិបតី ក៏បានបញ្ជាក់សារជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក «ពេញលេញ» ឆ្ពោះទៅរកការទទួលខុសត្រូវលើការសម្លាប់អ្នកកាសែត Al Jazeera ជនជាតិអាមេរិកប៉ាឡេស្ទីន លោកស្រី Shireen Abu Akleh។
លោក បៃដិន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវការគាំទ្ររបស់លោក ចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីនតាំងពីបានចុះចតនៅក្នុងតំបន់កាលពីថ្ងៃពុធ ប៉ុន្តែបានទទួលស្គាល់ថា «គោលដៅរដ្ឋទាំងពីរហាក់ដូចជានៅឆ្ងាយ» ហើយថាដំណើរការសន្តិភាពបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៤៕