(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានប្រកាសពីក្រុមយន្តហោះគ្មានមនុស្សបើកដំបូងរបស់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌា ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីប្រមូលផ្តុំការគាំទ្ររបស់អារ៉ាប់ ប្រឆាំងនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់មិនបានប្រាប់ថា នាវា ឬយន្តហោះគ្មានមនុស្សបើកមានចំនួនប៉ុន្មានគ្រឿងទេ ដោយគ្រាន់តែនិយាយថា កប៉ាល់មួយគ្រឿងមានយន្តហោះគ្មានមនុស្សបើកចំនួន ៥០គ្រឿង។
កាលពីថ្ងៃចន្ទកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា អ៊ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើករហូតដល់រាប់រយគ្រឿង រួមទាំងអាវុធខ្លះដែលមានសមត្ថភាពខ្ពស់ផងដែរ ហើយអ៊ីរ៉ង់ក៏កំពុងរៀបចំបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីឱ្យប្រើប្រាស់អាវុធទាំងនោះទៀតផង។
ក្រសួង ការបរទេស អ៊ីរ៉ង់ មិន បាន បញ្ជាក់ ឬ បដិសេធ សេចក្តី ថ្លែង របស់ លោក Sullivan នេះទេ។
អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (UAVs) ជាច្រៀនដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា។
កាលពីថ្ងៃព្រហស្បតិ៍ លោក Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានចុះហត្ថលេខាលើការសន្យារួមគ្នាមួយនៅទីក្រុងហ្សេរុយសាឡឹម ដើម្បីបដិសេធអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងចលនាជាក់ស្តែងមួយដើម្បីឆ្លើយតបការអំពាវនាវរបស់អ៊ីស្រាអែលចំពោះ «ការគំរាមកំហែងផ្នែកយោធាដ៏គួរឱ្យទុកចិត្ត» ពីសំណាក់អ៊ីរ៉ង់៕