(ប៉េកាំង)៖ អំពូលបំភ្លឺផ្លូវត្រូវគេកែសម្រួលឱ្យស្រអាប់ ទឹកក្តៅនឹងផ្គត់ផ្គង់តាមពេលកំណត់ អាងហែលទឹកត្រូវបិទ ថ្លៃនៃការផ្គត់ផ្គង់កំដៅនឹងត្រូវតំឡើង។ល។ រឿងគួរឱ្យខកចិត្តទាំងនេះ បានកើតឡើងនៅអាល្លឺម៉ង់ដែលជា អង្គភាពសេដ្ឋកិច្ចធំបំផុតនៃសហភាពអឺរ៉ុប។ ទន្ទឹមនឹងបំពង់បញ្ជូនឧស្ម័នធម្មជាតិធំបំផុតពីរុស្ស៊ីទៅអឺរ៉ុបឈ្មោះ Nord Stream 1 បានផ្អាកការបញ្ជូនឧស្ម័នធម្មជាតិជាបណ្តោះអាសន្ន ដោយសារការថែទាំពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកក្កដា សភាពការណ៍ពោលខាងលើប្រហែលនឹង មានភាពកាន់តែអាប់អួរទៅៗ។

បច្ចុប្បន្ននេះជាដំណាក់កាលដ៏សំខាន់សម្រាប់ ឱ្យអឺរ៉ុបរក្សាទុកឧស្ម័នធម្មជាតិ ដើម្បីឆ្លងកាត់រដូវរងា ដូច្នេះ បំពង់ Nord Stream 1 បញ្ឈប់បញ្ជូនឧស្ម័នធម្មជាតិបណ្តាលឱ្យអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ព្រួយបារម្ភយ៉ាងខ្លាំង។ នៅឆ្នាំ២០២១ ឧស្ម័នធម្មជាតិរុស្ស៊ីត្រូវជា ៥៥ភាគរយ នៃបរិមាណសរុបនៃការនាំចូលរបស់អាល្លឺម៉ង់។ បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អឺរ៉ុបបានធ្វើតាមដានសហរដ្ឋអាមេរិក ដោយអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដូច្នេះរុស្ស៊ីក៏បានកាត់បន្ថយការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិចំពោះអឺរ៉ុប បណ្តាលឱ្យតម្លៃឧស្ម័នធម្មជាតិនៃអឺរ៉ុបកើនឡើងយ៉ាងខ្លាំង។ បន្ទាប់ពីរុស្ស៊ីធ្វើការថែទាំប្រចាំឆ្នាំ ចំពោះខ្សែបំពង់ Nord Stream 1 សំណួរដ៏ធំមួយដែលអឺរ៉ុបប្រឈមមុខគឺ តើរុស្ស៊ីនឹងបិទបំពង់ Nord Stream 1 ចាប់ពីពេលនេះទៅឬទេ?

ប្រទេសអឺរ៉ុបដែលកំពុងរងផលប៉ះពាល់ពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានព្រួយបារម្ភជាទូទៅថា បំពង់ Nord Stream 1 នឹងផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង។ លោក Bruno Le Maire រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បានថ្លែងថា នឹងត្រៀមលក្ខណៈឱ្យបានល្អ ដើម្បីទប់ទល់នឹងការដែលរុស្ស៊ី ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទាំងស្រុង។ ប្រទេសអូទ្រីសបានចាប់ដំណើរការយន្តការ «ផ្តល់ភេរវសញ្ញាជាមុន» ដើម្បីប្រើប្រាស់គ្រឿងឥន្ធនៈផ្សេងទៀត ជំនួសឧស្ម័នធម្មជាតិអស់ពីលទ្ធភាព។

រីឯអ៊ីតាលីវិញបានលុបចោលការដាក់កំហិត ទៅលើបរិមាណផលិតកម្ម នៃរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្ម។ ហើយប្រទេសក្រិចមានផែនការពន្លឿនការជីកយកធ្យូងថ្ម ព្រមទាំងបានផ្លាស់ប្តូររោងចក្រអគ្គិសនី ដែលដើរដោយឧស្ម័នធម្មជាតិទៅជា រោងចក្រអគ្គិសនីដែលដើរដោយប្រេងម៉ាស៊ូត។ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីខាងមុខ អឺរ៉ុបគឺពិបាករកឃើញធាតុជំនួសឧស្ម័នធម្មជាតិរុស្ស៊ីណាស់។ កាសែត «The Washington Post» ថ្លែងថា រុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនឹងនាំមកនូវ «រដូវរងាពិបាកឆ្លងកាត់» ដល់អឺរ៉ុប។

ព្រមពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចអឺរ៉ុបបានបន្ធូរល្បឿន ទីផ្សារមានព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការថមថយចុះនៃតំបន់ប្រាក់អឺរ៉ូ បូករួមទាំងប្រព័ន្ធរូបិយវត្ថុបម្រុងសហព័ន្ធអាមេរិក បានដំឡើងការប្រាក់ជាដើម បានជានៅកាលពីថ្ងៃទី១២ខែកក្កដា អត្រាប្រាក់អឺរ៉ូប្តូរដុល្លារអាមេរិក បានធ្លាក់ចុះដល់១:១ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ។ ផលវិបាកដែលអ្នកនយោបាយអឺរ៉ុប តាមដានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើរុស្ស៊ី បាននិងកំពុងមានប្រតិកម្មតបវិញទៅលើប្រជាជនសាមញ្ញ។

បើកឡានព្រួយថ្លៃប្រេង បើកភ្លើងព្រួយថ្លៃអគ្គិសនី «សេរីភាពខាងការងូតទឹក» ក៏ជិតនឹងបាត់ហើយ ក្រៅពីនេះ ក៏ត្រូវត្រៀមលក្ខណៈទប់ទល់នឹងភាពរងា។ល។ ប្រជាជនអឺរ៉ុបកាន់តែច្រើនឡើងៗបានយល់ថា ពួកគេបាននិងកំពុងក្លាយជាអ្នករងគ្រោះខ្លាំងបំផុត ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។

អ្នកនយោបាយអឺរ៉ុបបង្ករឿងហេតុលើផ្លូវខុសឆ្គង តាមដានជើងរបស់សហរដ្ឋអាមេរិក មិនប្រសើរឆ្លៀតឱកាសដែលរដូវរងា នៅមិនទាន់មកដល់ ស្វែងរកមធ្យោបាយកាន់តែវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ។ ទោះបីជាគ្រាន់តែដើម្បីធ្វើឱ្យប្រជាជនអឺរ៉ុប ឆ្លងកាត់រដូវរងាដោយក្តៅឧណ្ហៗក៏បានដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន