(ប៉េកាំង)៖ ប្រជាជាតិនីមួយៗតែងចងចាំ នូវប្រវត្តិសាស្រ្តរបស់ប្រជាជាតិខ្លួន ព្រោះយល់ថាមានតែបែបនេះទេ ទើបប្រជាជាតិរបស់ខ្លួន អាចបើកបង្កើតឲ្យមានជា យុគសម័យអនាគតមួយ កាន់តែល្អបវរបាន។ ចិនគឺជាប្រជាជាតិមួយដែលមានវប្បធម៌ដ៏ចំណាស់នៅក្នុងពិភពលោក ហើយប្រទេសចិននាពេលបច្ចុប្បន្ន ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន មានអាយុកាលជាង៧០ឆ្នាំមកហើយ ក្នុងពេលដែលបក្សកុម្មុយនិស្តចិន មានអាយុកាលជាង១០០ឆ្នាំ ខ្ញុំក៏សូមយក ឱកាសនេះជូនពរខួបនៃថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។
បញ្ញត្តិប្រទេសនៅក្នុងភាសាចិនមានន័យថាជាមហាគ្រួសារ ហើយប្រជាជាតិចិនតែងតែឱ្យតម្លៃចំពោះគ្រួសារ។ ដូចពាក្យបុរាណបានពោលថា «នៅក្រោមមេឃយើងនេះ គ្រួសារពិតជាមានសារៈសំខាន់ណាស់»។ ទន្ទឹមនឹងកំណែទម្រង់ និងការបើកចំហជាបន្តបន្ទាប់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបន្ថែមទៀត កម្រិតជីវភាពរបស់ប្រជាជនចិន ក៏បានលើកតម្កើងឡើង ការផ្លាស់ប្តូរថ្មីក៏បានកើតឡើងនៅក្នុង រចនាសម្ព័ន្ធគ្រួសារ និងរបៀបរស់នៅរបស់ប្រជាជន នៅទូទាំងប្រទេសផងដែរ។
ខុងជឺបានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងរដ្ឋឱ្យបានត្រឹមត្រូវ វាជាការចាំបាច់ក្នុងការគ្រប់គ្រងក្រុមគ្រួសារជាមុនសិន» ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃស្នូល នៃការអភិវឌ្ឍប្រទេសចិនដែលជំរុញ និងលើកទឹកចិត្តដល់យុវជនបន្តវេនក្នុងការបង្កើន សមិទ្ធផលរបស់ប្រទេសជាតិ ស្របតាមនិន្នាការនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា។
ដើម្បីប្រែក្លាយប្រទេសចិនទៅជាចិនឌីជីថល យុវជនចិនដែលបានរួមកម្លាំងគ្នាជាមួយ ប្រជាជាតិនានាក្នុងពិភពលោក កំពុងបញ្ចូលខ្លួនទៅក្នុងល្បឿន នៃចរន្តពន្លឿនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របនឹងទស្សនៈរបស់ម៉េងជឺ ដែលបានពោលថា «វាជាជម្រើសឆ្លាតជាងក្នុងការប្រើប្រាស់ស្ថានភាព ដែលអំណោយផលជាជាងការពឹងផ្អែកតែមួយផ្នែក លើប្រាជ្ញារបស់មនុស្សម្នាក់»។
បទពិសោធន៍ប្រវត្តិសាស្រ្តបានបង្ហាញថា បណ្តាប្រទេសដែលបានធ្វើទំនើបកម្ម ដោយការយកបដិវត្តន៍បែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមកប្រើប្រាស់ឲ្យល្អបំផុត គឺសុទ្ធតែមានយុវជនដែលមានមូលដ្ឋានដ៏រឹងមាំខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយប្រទេសដែលបានក្លាយជាអ្នក ដែលសកម្មនៅក្នុងការអភិវឌ្ឍពិភពលោក តាមរយៈការទាញយកផលប្រយោជន៍ នៃការធ្វើបដិវត្តន៍សុទ្ធសឹងតែមានបច្ចេកវិទ្យាទំនើប នៅក្នុងវិស័យគន្លឹះទៀតផង។
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាឆ្លើយតបទៅនឹង តម្រូវការរបស់ពេលវេលា ហើយមានឥទ្ធិពលជាសកល។ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ បដិវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មី កំពុងតែទទួលបានសន្ទុះ។ យុវជនចិនបាននិងចែករំលែក បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ថ្មី តាមរយៈបច្ចេកវិទ្យា Robot និងបច្ចេកវិទ្យាវ័យឆ្លាត ដោយពង្រឹងខ្សែសង្វាក់នៃនវានុវត្តភាព កាន់តែមានភាពបត់បែនជាងមុន។
យុវជនចិនបានធំធាត់និងរីកលូតលាស់ ក្នុងសួនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយបានជំរុញល្បឿនកាន់តែមានភាពងាយស្រួល ក្នុងការធ្វើឲ្យវិស័យបច្ចេកវិទ្យារបស់ចិន កាន់តែមានភាពប្រសើរឡើង ដែលជាពិសេសស្តែងឡើងតាមរយៈការធ្វើពាណិជ្ជកម្ម ទៅលើភាពជឿនលឿនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហើយការធ្វើឲ្យប្រសើរឡើងផ្នែកឧស្សាហកម្មកំពុងបង្កើនល្បឿន ការផ្លាស់ប្តូរ ផលិតកម្ម និងការប្រើប្រាស់ដែលផ្អែកលើឧស្សាហូបនីយកម្ម ទៅជាវិស័យអូតូម៉ាទិក និងឆ្លាតវៃ ហើយឆ្ពោះទៅរកជំហានមួយទៀតនៅក្នុងកម្លាំងផលិតកម្ម និងផលិតភាព។
សៀវភៅស «យុវជនចិនក្នុងយុគសម័យថ្មី» ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបង្ហាញថា យុវជនចិនក្នុងយុគសម័យថ្មីបានរួមចំណែក ក្នុងចរន្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល សន្តិសុខសកល និងមានអាកប្បកិរិយា កាន់តែបើកទូលាយនិងទំនុកចិត្តកាន់តែខ្លាំង ជាមួយយុវជនបណ្តាប្រទេសជំរុញពិភពលោក ក្នុងការសម្រេចបាននូវការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិ ដោយផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិរួមមានសន្តិភាព វឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាពបានពួតដៃគ្នា ដើម្បីបង្កើតអនាគតល្អបវរសម្រាប់មនុស្សជាតិ។
ដើម្បីបង្កើនបរិមាណនិងគុណភាពអ្នកវិទ្យាសាស្រ្ត គ្រួសារនីមួយៗក្នុងប្រទេសចិន បានខិតខំវិនិយោគលើការអប់រំ ស្របតាមគន្លងនិងចាប់យកពេលវេលា ក្នុងការបណ្តុះបណ្តាលកូនចៅរបស់ខ្លួន។ ស្ថិតក្នុងស្មារតីឆ្លើយតបភ្លាម និងអនុវត្តយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសជាតិ ដែលមានបក្សកុម្មុយនិស្តចិនជាស្នូល យុវជនចិនបានស្វែងរកការអភិវឌ្ឍ ដែលជួយឲ្យចិនឆ្លងផុតឧបសគ្គនៅក្នុងវិស័យសំខាន់ៗ ឬសូម្បីតែគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ការអភិវឌ្ឍសកល សន្តិសុខសកល និងកាលានុវត្តភាពក្នុងការចាប់យកគំនិតផ្តួចផ្តើមនានា ក្នុងការប្រកួតប្រជែងថ្មីមួយជាសាកលលោក។
ទាំងនេះមិនអាចកាត់ផ្តាច់ពីចំនួនដ៏ច្រើនបំផុតក្នុងពិភពលោកនៃអ្នកវិទ្យាសាស្ត្រ និងវិស្វករចិន។ វិបត្តិនៃជំងឺកូវីដ១៩ ជាឧទាហរណ៍បញ្ជាក់យ៉ាងច្បាស់នូវសមត្ថភាពនេះ វេជ្ជសាស្រ្តរបស់ចិនក្នុងការជួយសង្គ្រោះមនុស្សជាតិ តាមរយៈវ៉ាក់សាំង តេស្តរហ័ស និងថ្នាំព្យាបាលជាដើម ដោយនេះមិនទាន់រាប់ដល់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សំណង់អគារនានា រាប់មិនអស់ទាំងនៅក្នុងប្រទេសចិន និងទាំងនៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោកដែលត្រូវបានរចនាដោយស្ថាបត្យករ វិស្វករ អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកទេសចិន ដែលប្រើប្រាស់នូវនវានុវត្តន៍បច្ចេកវិទ្យារបស់ចិន។
ផ្លូវល្បឿនលឿននៅកម្ពុជា ផ្លូវរថភ្លើងល្បឿនលឿននៅឡាវ ផ្លូវរថភ្លើងល្បឿនលឿននៅកេនយ៉ា ជាឧទាហរណ៍បន្ថែមស្តីពី សមត្ថភាពដ៏អស្ចារ្យនៃអ្នកវិទ្យាសាស្ត្របន្តវេនរបស់ចិន។ ពិភពលោកចងចាំមិនភ្លេចពីបច្ចេកវិទ្យាព្រះអាទិត្យសប្បនិម្មិត ដែលបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តចិន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលបង្កើតបាននូវថេរវេលាដ៏វែងនៃថាមពលកម្តៅ ដោយមិនរាប់បញ្ចូលនូវល្បឿនដ៏លឿនដាច់គេរបស់ quantum computerដែលផលិតដោយអ្នកវិទ្យាសាស្ត្រចិន និងសមត្ថភាពដ៏ល្អប្រពៃនៃអាវកាសយានិកចិន ដែលកំពុងបំពេញបេសកកម្មនៅស្ថានីយ Tiangong របស់ប្រទេសចិននៅលំហអាវកាស។
ជារួម យុវជនចិនជាប់ចំណាត់ថ្នាក់ក្នុងចំណោមយុវជន នៃបណ្តាប្រទេសជឿនលឿននៅផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយនវានុវត្តភាពកំពុងតែដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការគាំទ្រ និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន ស្របតាមមាគ៌ាចក្ខុវិស័យឆ្ពោះទៅរកសង្គម ដែលមានវិបុលភាពសមរម្យ ដោយខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ក្នុងការដណ្តើមយកជ័យជម្នះ នៃសង្គមនិយមតាមបែបផែនចិន និងសម្រេចក្តីសុបិនចិនដែលស្តារ ភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន។
ក្រុមគ្រួសារដែលទទួលបានការបណ្តុះបណ្តាល អ្នកបន្តវេនចិននាថ្ងៃនេះ កំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងជាងមុន ដើម្បីប្រមូលផ្ដុំគ្រួសារចិនទាំងអស់ឱ្យខិតខំរួមគ្នា ដើម្បីបង្កើនកំណើនលូតលាស់ប្រកបដោយសុខភាពល្អ នៃមនុស្សជំនាន់ក្រោយ ការធានាចំពោះការអភិវឌ្ឍចិនឌីជីថល និងលើកកម្ពស់កម្រិតអរិយធម៌សង្គមចិន និងពិភពលោកទាំងមូល៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន