(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថាទំនាក់ទំនងចិន-អូស្រ្តាលី កំពុងប្រឈមមុខនឹងទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នាពេលបច្ចុប្បន្ន ហើយចិនមានឆន្ទៈក្នុងការ «ស្តារឡើងវិញ» នូវទំនាក់ទំនងនេះដោយស្មារតីនៃការគោរពគ្នាទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចេញផ្សាយនៅថ្ងៃសុក្រនេះ លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនក្នុង នៅឯតំបន់គ័ងស៉ី (Guangxi) នៅថ្ងៃព្រហស្បតិ៍នេះ។ លោក វ៉ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនមានឆន្ទៈក្នុងការស្តារឡើងវិញលើទំនាក់ទំនងដែល មានស្រាប់ និងធ្វើឲ្យប្រសើរឡើងបន្ថែមទៀត»។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក វ៉ាង បានបន្ថែមថា អូស្ត្រាលីត្រូវតែធ្វើការកែតម្រូវការយល់ដឹងរបស់ខ្លួន ចំពោះចិន ដោយមិនបំផ្លើសពីការខ្វែងគំនិតគ្នា ហើយចៀសវាងចូលរួមជាមួយប្រទេសដទៃ ដើម្បីគ្រប់គ្រងចិន។
គួរបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី នៅក្នុងឆ្នាំ២០២១។ ប៉ុន្តែ នារយៈពេលចុងក្រោយនេះ ចិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើផលិតផល អូស្ត្រាលីមួយចំនួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក៏ដូចជាការសម្រេចចិត្តនានា រួមទាំងការអំពាវនាវរបស់អូស្ត្រាលី ឱ្យមានការស៊ើបអង្កេតលើ ប្រភពដើមនៃជំងឺកូវីដ ១៩ និងការហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ជាដើម៕