(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ បន្ទាប់ពីមេដឹកនាំពិភពលោកបានសម្តែងការរំលែកទុក្ខដ៏តក់ស្លុតរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោក Kishida បាននិយាយថា ពិធីបុណ្យសពឯកជនមួយត្រូវបានប្រារព្ធឡើង សម្រាប់ក្រុមគ្រួសារ និងសហការីជិតស្និទ្ធក្នុងសប្តាហ៍នេះនៅឯប្រាសាទតូក្យូ ប៉ុន្តែពិធីបុណ្យសពរដ្ឋក៏នឹងធ្វើឡើងផងដែរដើម្បីបង្ហាញថា «ប្រទេសជប៉ុននឹងមិនចុះចាញ់នឹងអំពើហិង្សា និងប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា លោក Shinzo Abe ដែលជាអ្នកនយោបាយដ៏ល្បីរបស់ប្រទេសជប៉ុន និងជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ ខណៈដែលកំពុងធ្វើយុទ្ធនាការកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់៕