(មូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងរបស់ G7 ដើម្បីកំណត់តម្លៃប្រេង តាមពិតវានឹងបង្កឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោកស្រីបានប្រាប់សន្និសីទព័ត៌មានប្រចាំសប្តាហ៍ ថា «ផែនការ ទាំង នោះ គឺ ប្រឆាំង នឹង ទីផ្សារសេរី និង មានហានិភ័យខ្ពស់»។
គួរជម្រាបថា គម្រោងកំណត់តម្លៃប្រេងនេះត្រូវបានតាក់តែងឡើងជាលើកដំបូង កាលពីខែមុនដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលជាផ្នែកមួយនៃយុទ្ធនាការដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់នូវអ្វីដែលវិមានក្រឹមឡាំងហៅថាជា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។ រូបរាងនៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
សហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប បានប្រកាសដាក់កំហិតលើការទិញប្រេងពីរុស្ស៊ីជាមធ្យោបាយដាក់ទណ្ឌកម្មក្រុងម៉ូស្គូខណៈដែលប្រេងរុស្ស៉ីបានលក់ក្នុងការបញ្ចុះតម្លៃដ៏គួរឲ្យស្រលាញ់ដល់ពិភពលោក ចំពេលដែលពួកគេកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងការដឹកជញ្ជូន។
លោកស្រី Zakharova ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីដំណើររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់មជ្ឈិមបូព៌ា ហើយបានលើកឡើងថា លោក Biden ទំនងជាស្នើឱ្យអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេលើពិភពលោក បង្កើនផលិតកម្មប្រេង ដើម្បីកាត់បន្ថយតម្លៃប្រេងសាំងខ្ពស់។
លោកស្រីក៏បានស្តីបន្ទោសថា តម្លៃប្រេងឡើងថ្លៃខ្លាំង គឺដោយសារតែកំហុសរបស់លោកខាងលិច នៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកផលិតថាមពលធំៗដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាផងដែរ៕