(បាលី)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បង្កការគម្រាមកំហែងខ្លាំងបំផុតដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលរដ្ឋមន្ត្រី G20 កំពុងរៀបចំប្រជុំនៅប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
ការលុកលុយរបស់ទីក្រុងម៉ូស្គូបានធ្វើឱ្យអតិផរណាកើនឡើងខ្លាំង នៅពេលដែលពិភពលោកកំពុងតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការកើនឡើងក្នុងរយៈពេល ២ឆ្នាំកន្លងមក និងបានគម្រាមកំហែងដល់ភាពអត់ឃ្លាន និងភាពក្រីក្រ។
មុនពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសសេដ្ឋកិច្ចនាំមុខរបស់ពិភពលោក (G20) និងអភិបាលធនាគារកណ្តាលពិភពលោក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ និងសៅរ៍សប្តាហ៍នេះ លោកស្រី Yellen បាននិយាយថា «បញ្ហាប្រឈមដ៏ធំបំផុតរបស់យើងថ្ងៃនេះ គឺបណ្តាលមកពីសង្រ្គាមខុសច្បាប់ និងការញុះញង់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។
លោកស្រីបានបន្ថែមថា «យើងកំពុងមើលឃើញផលប៉ះពាល់អវិជ្ជមានពីសង្រ្គាមនោះនៅគ្រប់ជ្រុងនៃពិភពលោក ជាពិសេសទាក់ទងនឹងតម្លៃថាមពល និងការកើនឡើងបញ្ហាអសន្តិសុខស្បៀងអាហារ»៕