(វីលនីញូស)៖ ប្រទេសលីទុយអានី នឹងអនុញ្ញាតឱ្យទំនិញរុស្ស៉ីដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម ឆ្លងកាត់ទឹកដីរបស់ខ្លួន ឆ្ពោះទៅកាន់តំបន់កាលីនីនក្រាដ របស់រុស្ស៉ី ក្រោយមានសេចក្ដីណែនាំថ្មីពីគណៈកម្មការអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។
សេចក្ដីណែនាំថ្មីពីគណៈកម្មការអឺរ៉ុប ធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយភាពតានតឹងរវាងរុស្ស៉ី លីទុយអានី និងសហភាពអឺរ៉ុប បានឡើងកម្ដៅអស់រយៈពេល ជាច្រើនសប្ដាហ៍មកនេះ ដែលជាការធ្វើតេស្ដលើសហភាពអឺរ៉ុបក្នុងការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ។ កាលីនីនក្រាដដែលជាទឹកដីរបស់រុស្ស៉ី និងជាប់ ព្រំដែនជាមួយរដ្ឋជាសមាជិកសហភាពអឺរ៉ុបក្នុងតំបន់បាល់ទិក ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនទំនិញតាមផ្លូវដែក និងផ្លូវគោកឆ្លងកាត់តាមលីទុយអានីដែលបាន ហាមឃាត់មិនឱ្យទំនិញឆ្លងកាត់ទឹកដីរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា អនុលោមតាមទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ទណ្ឌកម្មនេះមានគោលដៅលើទំនិញមួយ ចំនួនដូចជាស្រាវ៉ូដកា (vodka) និងដែកជាដើម។
គួរបញ្ជាក់ថា រុស្ស៉ី បានហៅការហាមមិនឱ្យទំនិញរបស់ខ្លួនឆ្លងកាត់ពីសំណាក់លីទុយអានី គឺជាការបិទខ្ទប់ ហើយពាក្យបិទខ្ទប់នេះនៅក្នុងច្បាប់អន្តរជាតិអាចត្រូវបាន ចាត់ទុកថាជាការប្រកាសសង្រ្គាម។ រុស្ស៉ី ក៏បានព្រមានផងដែរថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ាត់ ខណៈលីទុយអានីអះអាងថាខ្លួនគ្រាន់តែអនុវត្តតាមទណ្ឌកម្ម របស់សហភាពអឺរ៉ុបប៉ុណ្ណោះ៕